(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរួមសហការ និងកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍គីឡូម៉ែត្តលេខ៦ បន្ទាប់ពីអាជ្ញាធរខណ្ឌទទួលបានពាក្យបណ្ដឹង ពីបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានបាន ចុះអនុវត្តន៍ឈានដល់ការបិទចោលនូវទីតាំងសិប្បកម្មស្លជ័រដ៏ធំមួយកន្លែង ដែលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ លើពលរដ្ឋជាច្រើនគ្រួសារ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
សិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ត្រូវបានគេស្គាល់ថា មានម្ចាស់ឈ្មោះវង សាយ ភេទប្រុស ស្នាក់នៅផ្ទះលេខ ២២២៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា សិប្បកម្មស្លជ័រដ៏ធំមួយកន្លែងនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារនិយាយតៗគ្នាថា បានបើកដំណើរការទាំងយប់ ទាំងថ្ងៃប្រមូលផលរយៈពេលជាង២ឆ្នាំមកហើយ ដោយម្ចាស់សិប្បកម្មស្លជ័រខាងលើ ពុំបានគិតពីផលប៉ះពាល់ផ្នែកបរិស្ថានជុំវិញការរស់នៅ របស់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ឡើយ ដោយឡែក ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់បានត្រឹមតែ ដេកដើរហិតក្លិនឥទ្ធិពលនៃការស្លជ័រចំហាយចេញពី សិប្បកម្មដ៍ធំមួយកន្លែងនេះតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានបន្តថា ក្រៅពីដេកដើរហិតក្លិននៃចំហាយពលដែលជះចេញពីសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ពួកគាត់បាននាំគ្នាទៅរកសមត្ថកិច្ចពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និងខណ្ឌ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យ ជួយអន្តរាគមន៍២លើកមកហើយ ប៉ុន្តែគ្មានប្រសិទ្ធភាពសោះ ដោយឡែកនៅរសៀលថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញវត្តមានលោក ជា ពិសី ដែលជាអភិ បាលខណ្ឌឫស្សីកែវថ្មី ទើបប្រកាសតែងតាំងដំណែងបានប៉ុន្មានខែប៉ុណ្ណោះ បានចុះមកអន្តរាគមន៍ភ្លាមៗដោយបានបិទទីតាំងសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះចោលផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្ងើចសរសើរមិនដាច់មាត់ថា ការអត់ទ្រាំ និងហិតក្លិនពុលពីសិប្បកម្មស្លជ័ររយៈពេលជាង២ឆ្នាំមកហើយនោះត្រូវបានដោះស្រាយដាច់ស្រលះត្រឹមតែរយះពេលមួយម៉ោងប៉ុណ្ណោះព្រោះមានវត្តមានលោកអភិបាលខណ្ឌឫស្សីកែវបានចុះអនុវត្តន៍ផ្ទាល់៕