(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចពិភាក្សា អំពីការលើកលែងទោស និងបន្ធូបន្ថយទោសដល់ទណ្ឌិត នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌ បានសម្រេចស្នើឱ្យលើកលែងទោសដល់ទណ្ឌិត៣នាក់ប៉ុណ្ណោះ ហើយសម្រាប់ការបន្ធូរបន្ថយទោសនឹងមាន៧៧នាក់ សម្រាប់បុណ្យពិសាខបូជាខាងមុខ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព។
លោក គឹម សន្តិភាព បានប្រាប់ Fresh News ឱ្យដឹងថា «កិច្ចប្រជុំពិនិត្យបញ្ជីទណ្ឌិត បានបញ្ចប់ក្រោយការពិនិត្យយ៉ាងតឹងរឹងបំផុត ដោយលទ្ធផលគឺទណ្ឌិតចំនួនមិនដល់១ភាគ៣ នៃចំនួនទណ្ឌិតដែលបានស្នើសុំ ត្រូវបានគណៈកម្មការជាតិ សម្រេចស្នើសុំការអនុគ្រោះទោស ដោយក្នុងនោះមានទណ្ឌិត តែ៣នាក់ប៉ុណ្ណោះក្នុងចំណោម៥០នាក់ ត្រូវបានស្នើសុំការលើកលែងទោស និង៧៧នាក់ក្នុងចំណោម២៤៤នាក់ ត្រូវបានស្នើបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យវិសាខបូជាខាងមុខនេះ»។
សូមជំរាបថា ការលើកលែងទោស និងបន្ធូបន្ថយទោសដល់ទណ្ឌិត ទូទាំងប្រទេសកម្ពុជា តែងត្រូវបានធ្វើឡើងបីលើកក្នុងមួយឆ្នាំ ដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មី វិសាខបូជានិងបុណ្យអុំទូក។ សម្រាប់ទណ្ឌិតទាំងនេះ មានទាំងប្រព្រឹត្តិបទល្មើសមជ្ឈឹមដល់ឧក្រិដ្ឋ ប៉ុន្តែយ៉ាងណាអ្នកទោស ដែលត្រូវបានគណៈកម្មាធិការ លើកយកមកវាយតម្លៃនេះ ចាំបាច់ត្រូវអនុវត្តទោសយ៉ោងហោចណាស់២ភាគ៣ ហើយពិសេសមានការអនុវត្តខ្លួន បានល្អនៅពេលជាប់ពន្ធនាគារថែមទៀត៕