(ភ្នំពេញ)៖ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក បានអញ្ជើញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងឆ្នាំនេះ។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសប្រមុខការទូតទាំងពីរ ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា៖ «ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក BOURITA បានអញ្ជើញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ»។

លោក Nasser BOURITA បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុកក្នុងការធ្វើជាស្ពានតភា្ជប់រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។ ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) លោក BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដទៃឱ្យ គាំទ្រកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ លោក BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ ដោយបញ្ជាក់ថា លោកនឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃកិច្ចប្រជុំអាស៊ាន៕