(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Minin Vayra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Antonin Pañinek ប្រធានមជ្ឈមណ្ឌលសិក្សាពីកំណើត (Perinutology) និងគ្លីនិករោគស្ត្រី និងសម្ពតន មហាវិទ្យាល័យវេជ្ជសាស្ត្រទី១ សាកលវិទ្យាល័យ Charles ទីក្រុងប្រាគ និងសាកលវិទ្យាល័យមន្ទីរពេទ្យទូទៅទីក្រុងប្រាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ លោកឯកអគ្គរដ្ឋទូត និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភរបស់ប្រទេសឆែក ដូចជាការសាងសង់មណ្ឌលសុខភាពចំនួន០៣ គឺមណ្ឌល សុខភាពរាមអណ្ដើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុង មន្ទីរពេទ្យបង្អែកកោះអណ្តែត និងការបណ្ដុះបណ្ដាលដល់មន្ត្រីសុខាភិបាលខេត្តតាកែវ។

ជាមួយគ្នានេះដែរ លោក Minin Vayra បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែកបានជួយគាំទ្រដល់មូល ដ្ឋានសុខាភិបាលមួយចំនួន តាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជាមន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោងរួមមាន៖

*១៖ Supporting Mother For Surviving Baby
*២៖ ការផ្ដល់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ
*៣៖ គម្រោង Neonatal Care រួមមានការបណ្តុះបណ្តាល ការរៀបចំសេវានៅក្នុងមន្ទីរពេទ្យ និងការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ
*៤៖ គម្រោងគាំពារសុខភាពទារក
*៥៖ គម្រោង «Improving Capacity of Maternal and Child Care in a Newly Built Priutal Care Center, Cambodia» ដែលនឹងចុះហត្ថលេខាឆាប់ៗខាងមុខនេះ។

លោកបន្តថា លើសពីនេះ ឆែកបានជួយដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ តាមរយៈគម្រោង Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោងការផ្គត់ផ្គង់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាល (PPP)។

លោកសាស្ត្រាចារ្យ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខក្រិបាល ដែលតែងតែសហការយ៉ាង ជិតស្និទ្ធជាមួយដៃគូរបស់ឆែកក្នុងការអនុវត្តគម្រោងនានា។ លោកក៏បានស្នើសុំការគាំទ្រពី លោករដ្ឋមន្ត្រី ដើម្បីចុះទៅធ្វើការសិក្សាទៅលើគម្រោងដែលបានអនុម័ត និងពិភាក្សាការងារជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងបានជូនពរដល់គណៈប្រតិភូឱ្យទទួលបានជោគជ័យ និងស្នាក់នៅខេត្តកំពង់ឆ្នាំងប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលនៃប្រទេសទាំងពីរមិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងសាធារណរដ្ឋឆែកនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕