(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ប្រទេសម៉ារ៉ុក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៦ ខែមករានេះ បានឱ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និងការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងដែលពុំទាន់បានចុះហត្ថលេខា គឺកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណាអំពីការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅជំរុញវិស័យទេសចរណ៍។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ថា ក្នុងរយៈពេល២៥ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ទំហំពាណិជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តដល់ភាគី ពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីម៉ារ៉ុក ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីការទូតកម្ពុជា និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ារ៉ុក។ ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិត្យសភាសិក្សា ការទូតម៉ារ៉ុក (AMED)។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យវិទ្យាស្ថានទាំងពីរស្វែងរកមធ្យោបាយ និងវិធីសាស្រ្តផ្សេងៗ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ទាំងពីរលេចចេញជារូបរាងឡើង។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជម្រាបជូនសមភាគីអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរការស្ដារឡើងវិញប្រកបដោយបរិយាប័ន្ន ការគ្រប់គ្រងបញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន។

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនលោក Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។

លោក Nasser BOURITA បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាន។

ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) លោក BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក BOURITA បានអញ្ជើញ លោក ឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ លោក BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយដោយបញ្ជាក់ថា លោកនឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃកិច្ចប្រជុំអាស៊ាន៕