(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៥៖២០នាទី ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុហត្ថជាច្រើននាក់ បានសម្រុកទៅឡោមព័ទ្ធ និងបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលកំពុងលាក់ខ្លួន នៅទីតាំងមួយកន្លែងស្ថិតនៅតាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្រោយពេលជនល្មើស បានបន្តបាញ់រះទាំងកាំភ្លើងអាកា និងកាំភ្លើងខ្លី ជាច្រើនគ្រាប់មកលើសមត្ថកិច្ច។

ភ្នាក់ងារ Fresh News ដែលកំពុងនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា ក្រុមជនល្មើសបានបាញ់រះមកលើសមត្ថកិច្ច មិនទាន់ចប់ទេ ហើយនៅពេលនេះសមត្ថកិច្ចបានធ្វើទៅទីនោះជាបន្តបន្ទាប់។ សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នារសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់ និងរថយន្តអូឌីមួយគ្រឿង ខណៈមន្រ្តីអាវុធហត្ថម្នាក់ត្រូវក្រុមជនល្មើសបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ ហើយសង្ស័យបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត៕