(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវនេះ មានការចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ នាយក-នាយរងរដ្ឋបាល ប្រធានការិយាល័យ ចៅសង្កាត់ និងមេប៉ុស្តិ៍ សង្កាត់ទាំង៧ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌ។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ឯក ឃុនដឿន បានជំរុញឱ្យអាជ្ញាមូលដ្ឋានខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ បន្តសហការរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណារក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាសេចក្ដីសុខ នៅតាមបណ្ដាមូលរដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕