(ភ្នំពេញ)៖ ចំនួនភ្ញៀវទេសចរសិង្ហបុរី ដែលកម្សាន្តនៅកម្ពុជា បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ នៅឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ខណៈដែលទំនាក់ទំនងការទូតប្រទេសទាំងពីរ កាន់តែល្អប្រសើរ។ នេះបើតាម លោក KEVIN CHEOK ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅកម្ពុជា ដែលទើបផុតអាណត្តិ។
លោក KEVIN CHEOK ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅកម្ពុជា ដែលទើបផុតអាណត្តិ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទីផ្សារនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំពោះរឿងនេះ លោកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងកោតសរសើរដល់ការដឹកនាំរបស់ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ដែលបានធ្វើឲ្យភ្ញៀវទេសចរសិង្ហបុរីមកកម្ពុជាកើនឡើងយ៉ាងគំហុក នាទស្សវត្សចុងក្រោយនេះ។
លោក KEVIN CHEOK លើកឡើងថា កម្ពុជា-សិង្ហបុរីបានសហការ និងពង្រឹងចំណងមិត្តភាពសាមគ្គីភាព និងទំនាក់ទំនងយ៉ាងល្អប្រសើរ ជាពិសេសបានជួយសហប្រតិបត្តិការ សម្រួលដល់ការបំពេញភារកិច្ចការទូត របស់លោកនៅកម្ពុជាបានល្អ និងទទួលបានជោគជ័យដូចពេលនេះ។
ទោះជាយ៉ាងណា លោក ថោង ខុន រដ្ឋមន្រ្តីបានស្នើសុំឲ្យលោកទូតចប់អាណត្តិ ជួយជំរុញឲ្យភ្ញៀវទេសចរសិង្ហបូរី មកកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ពិសេសបានកោតសរសើរ ដល់អ្នកវិនិយោគទុនសិង្ហបុរី ដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
មន្រ្តីទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរសិង្ហបូរីមកកម្ពុជា ក្នុងឆ្នាំ២០១៥ មានចំនួនជាង៨ម៉ឺននាក់ ហើយក្នុងរយៈពេល៣ខែដើម ឆ្នាំ២០១៦នេះ មានចំនួនប្រមាណ៤០០០នាក់ ដោយឡែកភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅប្រទេសសិង្ហបុរី ក៏មានការកើនឡើងដែរ៕