(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាង មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន នឹងត្រូវអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២នេះ បើប្រទេសសមាជិកអាស៊ាននេះ មានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ទាំង៥ចំណុច ដែលបានដាក់ចេញដោយមេដឹកនាំអាស៊ាន កាលពីខែមេសាឆ្នាំមុន។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសសម្ដេចទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៉ី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដូច្នេះថា៖ «សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ផងដែរថា សម្តេចនឹងជួបជាមួយ ឯកឧត្តម មីន អោងឡាំង នៅថ្ងៃស្អែកតាម Video conference ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ ហើយសម្តេចក៏បានគូសបញ្ជាក់ផងដែរលើស្ថានភាពមីយ៉ាន់ម៉ា ដែលមានលក្ខណៈស្មុគស្មាញផងដែរ ដោយសារតែមីយ៉ាន់ម៉ា មានរដ្ឋាភិបាល២ឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។ សម្តេចក៏បានគូសបញ្ជាក់ផងដែរថា សម្តេចក៏បានជម្រាបទៅឯកឧត្តម មីន អោងឡាំង ថាសម្តេចអញ្ជើញឯកឧត្តមចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើននៅក្នុងការអនុវត្តចំណុចទាំង៥ នៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទនេះ ប៉ុន្តែប្រសិនបើមិនមានទេ ឯកឧត្តមក៏ត្រូវតែត្រៀមក្នុងការបញ្ជូនតំណាងមិនមែនជាថ្នាក់នយោបាយចូលរួមក្នុងកិច្ចប្រជុំអាស៊ាននេះផងដែរ»

អាស៊ានបានដាក់ចេញនូវគោលការណ៍ចំនួន ៥ចំណុច ដែលក្នុងនោះមាន ៣ចំណុច ត្រូវបានផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគោលការណ៍ទាំងនេះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាយ៉ាងច្រើនផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ ពីគោលបំណងក៏ដូចជាលទ្ធផលទៅទស្សនកិច្ចការងារ នៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅថ្មីៗនេះ ព្រមទាំងបង្ហាញអំពីវិធានការដែលនឹងត្រូវធ្វើបន្តទៀត។

សម្ដេចបានបញ្ជាក់ថា ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។ លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចនោះ ក៏បាននាំនូវអំណោយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាម៉ា។

លទ្ធផលមួយទៀត គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ។ សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់នោះ ។

សម្ដេចតេជោ ក៏បានជម្រាបជូនទៅកាន់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ីទៀតថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកស្រី អោង សានស៊ូជី រយៈពេល៤ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង លោក មីន អោងឡាង នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀតអំពីការងារទាំងអស់នេះ។

សម្ដេចតេជោក៏បានជម្រាបជូន នាយករដ្ឋមន្ត្រីម៉ាឡេស៉ី អំពីសំណើរបស់ សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ រួមមាន៖

* យន្តការទី១៖ យន្តការ អាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៉ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

* យន្តការទី២៖ គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ (AHA) មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។

លោកបណ្ឌិត កៅ គឹមហួន បានបន្តបញ្ជាក់ទៀតថា «សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើង មិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ»

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានមានប្រសាសន៍អំពីសារសំខាន់ក្នុងការដោះស្រាយនៅមីយ៉ាម៉ា ដែលទាមទារត្រូវតែចូលរួមទាំងអស់គ្នា ជាពិសេសនៅក្នុងក្របខណ្ឌធម្មនុញ្ញអាស៊ាន។ លោកក៏បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកស្រី អោង សានស៊ូជី ផងដែរ។ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក៏បានមានប្រសាសន៍ទាក់ទងទៅនឹងជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ ដែលត្រូវធ្វើយ៉ាងណាឲ្យបានទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានមានប្រសាសន៍ថា លោកបានទទួលយកទាំងអស់នូវការលើកឡើងរបស់សម្ដេចតេជោក៏ដូចជាសំណើរដែល សម្ដេចតេជោបានដាក់ចេញនេះ ជាពិសេសការស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន និងឧត្តមមន្ត្រីអាស៊ានដើម្បីជួបពិភាក្សាគ្នា។ ចំពោះប្រេសិតពិសេសអាស៊ានវិញ លោកបានគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រេសិតពិសេសនេះ អនុវត្តនូវចំណុចទាំង៥ ដែលមានការព្រមព្រៀងគ្នាជាឯកច្ឆ័នកន្លងមកនោះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានមានប្រសាសន៍ថា «ការខិតខំរបស់យើងក្នុងការកសាងសហគមន៍អាស៊ាននេះ គឺនៅតែបន្តទៅមុខជានិច្ច អ្វីដែលយើងបានសម្រេចហើយ យើងត្រូវតែអនុវត្ត»។ លោកនឹងបន្តខិតខំ ក្នុងការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ហើយបើស្ថានភាពល្អប្រសើរ លោកនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់នៅកម្ពុជា។

សម្ដេចតេជោក៏បានអញ្ជើញ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលសមស្របណាមួយខាងមុខ មុនពេលកិច្ចប្រជុំកំពូលអាស៊ាន៕