(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបគណៈប្រតិភូ ដឹកនាំដោយ លោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ(EDCF) ថ្មីប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងជំនួសលោកស្រី Lee Hye-Kyung ដែលត្រូវផ្ទេរភារកិច្ចទៅជានាយក EDCF ប្រចាំតំបន់អាស៊ី។

នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការអបអរសាទរចំពោះលោកស្រីអតីតនាយិកា EDCF ដែលបានទទួលមុខតំណែងថ្មីនៃ EDCF ប្រចាំតំបន់អាស៊ី និងបានសម្តែងនូវការស្វាគមន៍ផចំពោះលោកស្រីនាយិកា EDCF ថ្មីប្រចាំកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជា រួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លង ទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅកម្ពុជា។

លោកស្រី Minnie Chey ក៏បានបង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕