(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក វ៉ាន់ វុធ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគស្ទឹងត្រែង លោក ឈាង ឡាក់ អភិបាលខេត្តស្តីទី លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧត្តមសេនីយ៍ឯក ទួន សំអាន អគ្គមេបញ្ជាការងកងវិស្វកម្ម បានចូលរួមនៅក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់ផ្សារស្ទឹងត្រែងឡើងវិញនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ផ្សារស្ទឹងត្រែងឡើងវិញ ដែលបានរៀបចំឡើងរដ្ឋបាលខេត្តស្ទឹងត្រែង។ ក្រោយពីពិធីក្រុងពាលីបញ្ចុះបឋមសិលាតំណាងអាជីវករ បានសំណូមពរ និងសួរនូវសំណួរមួយចំនួនដល់លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងគឺ៖
១. សំណូមពរឲ្យការបែងចែកតូបមានភាពសុក្រិត និង យុត្តិធម៌
២. ក្រោយពីសាងសង់ផ្សាររួច តើផ្សារនេះនឹងត្រូវប្រគល់ឲ្យក្រុមហ៊ុន ឬរដ្ឋគ្រប់គ្រង?
លោក ឡូយ សុផាត បានបកស្រាយ និងពន្យល់ថា ការបែងចែងតូបនឹងត្រូវរៀបចំឲ្យមានភាពសុក្រិត និងយុត្តិធម៌បំផុត ហើយមានបែបផែន និងសោភណ្ឌភាពល្អជាងមុន មានកន្លែងផ្ញើរកង់ ម៉ូតូ មានផ្លូវថ្មើរជើងជុំវិញ មានប្រព័ន្ធការពារសុវត្ថិភាព និងមានប្រព័ន្ឋទឹក ភ្លើងប្រកបដោយសុវត្ថិភាពខ្ពស់។ លើសពីនេះទៀត ផ្សារនេះនឹងត្រូវគ្រប់គ្រងដោយរដ្ឋវិញ ហើយមិនមានការលក់ ឬជួលតូបឡើយ។ ក្រោយពីទទួលបានការបកស្រាយ ពីអ្នកតំណាងរាស្ត្ររួចមក អាជីវករទាំងអស់បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
គួបញ្ជាក់ផងដែរថា ផ្សារស្ទឹងត្រែងថ្មីនេះ មានសរសរគ្រឹះចំនួន១៦៨ដើម ហើយនឹងត្រូវបញ្ចប់ការបុកគ្រឹះនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ៕