(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីផែនការខ្យល់ស្អាតកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់ និងពិភពលោក ដែលផលប៉ះពាល់របស់វាមិនអាចកំណត់បាននោះទេ ហើយបញ្ហានេះមិនអាចចាត់ទុកថា ជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែវាជាបញ្ហារួមសម្រាប់តំបន់ និងពិភពលោក ដែលទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់ភាគី។

សន្និសីទសារព័ត៌មាន បានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ប៉ាក សុខារ៉ាវុធ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចព័ត៌មានបរិស្ថាន, លោក ធីវ សុភារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចព័ត៌មានបរិស្ថាន, លោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ រួមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា «ការបំពុលខ្យល់កំពុងក្លាយជាបញ្ហាប្រឈមផ្នែកបរិស្ថាននៅក្នុងតំបន់ និងពិភពលោក ដែលផលប៉ះពាល់របស់វាមិនអាចកំណត់បាន។ វិសាលភាពនៃ ផលប៉ះពាល់ពីការ បំពុលខ្យល់មានលក្ខណៈធំធេង ដោយសារតែសារធាតុបំពុលខ្យល់អាចសាយភាយបានឆ្ងាយ និងអាចបង្កឱ្យមានការបំពុលឆ្លងដែន។ ការបំពុលខ្យល់មិនអាច ចាត់ទុកថា ជាបញ្ហារបស់ប្រទេសណាមួយនោះទេប៉ុន្តែវាជាបញ្ហារួមសម្រាប់តំបន់ និងពិភពលោក ដែលទាមទារឱ្យមានការ ចូលរួមចំណែក ពីគ្រប់ភាគី»។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ប្រភពធំបំផុតនៃការបំពុលបរិយាកាស និងការបំពុលអាកាសធាតុរយៈពេលខ្លីនៅកម្ពុជាគឺពីវិស័យគមនាគមន៍ ផលិតអគ្គិសនី ការបំពុលពីដំណើរការឧស្សាហកម្ម និងវិស័យលំនៅដ្ឋាន។ ការតាមដានទៅលើប្រភពនៃការបំពុលបរិយាកាសសំខាន់ៗបង្ហាញថា វិស័យលំនៅដ្ឋានគឺជាប្រភពធំបំផុតនៃ PM2.5 និងកាបូនខ្មៅបន្ទាប់ពីការផលិតធ្យូង និងវិស័យគមនាគមន៍។ ខណៈដែលវិស័យគមនាគមន៍ត្រូវបានរួមចំណែក យ៉ាងខ្លាំងចំពោះការបញ្ចេញឧស្ម័នអាសូតអុកស៊ីត (NOx) កាបូនម៉ូណូអុកស៊ីត (CO) និងឧស្ម័នកាបូនិច (CO2) ការផលិតអគ្គិសនីគឺជាការរួមចំណែកទី២ នៃឧស្ម័នកាបូនិកបន្ទាប់ពីវិស័យឧស្សាហកម្ម។ ប្រភពសំខាន់នៃ ស្ពាន់ធ័រឌីអុកស៊ីត (SO2) គឺមកពីការផលិតអគ្គិសនី និងឧស្សាហកម្ម។

ការព្យាករណ៍ការបញ្ចេញឧស្ម័នសរុបបង្ហាញថា នៅឆ្នាំ២០៣០ PM2.5 នឹងឈានដល់ ៩៨.៥ ពាន់តោន Black Carbon ស្មើនឹង១៤.៦ ពាន់តោន SO2 ស្មើនឹង ៧ពាន់តោន NOx ស្មើនឹង ៣២៩ ពាន់តោន និង CO2 ស្មើនឹង ៤០.១៥០,៨ ពាន់តោន។ សារធាតុបំពុលបរិយាកាសផ្សេងៗ និងសារធាតុបំពុលបរិយាកាសរយៈពេលខ្លី (SLCPs) មានប្រភពរួមគ្នា ដូច្នេះការរៀបចំយុទ្ធសាស្ត្រកាត់បន្ថយមានសក្តានុពលព្រមគ្នា រួមទាំងឧស្ម័នផ្ទះកញ្ចក់ ដូចជាមេតាន និងឧស្ម័នកាបូនិច។ ការកាត់បន្ថយការ បញ្ចេញ ឧស្ម័នដែលមានសក្តានុពលបំពុលបរិយាកាសត្រូវពិនិត្យតាមរយៈការអនុវត្តបទបញាត្តិ គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាល ដែលមានស្រាប់។

លោកបានបន្ថែថា ការអនុវត្តវិធានកាត់បន្ថយការបំពុលបរិយាកាសដោយសារាចរលេខ០១ ស្តីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ សាធារណៈ បានរួមចំណែកកាត់បន្ថយការបញ្ចេញឧស័្មនបំពុលខ្យល់បានច្រើន ជាពិសេស PM2.5 PM10 និង CO ត្រូវបានកាត់បន្ថយបានពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបទៅនឹងសេណារីយ៉ូមូលដ្ឋាន។

ចំពោះការអនុវត្តវិធានការទាំងអស់រួមបញ្ចូលគ្នា ការបញ្ចេញឧស្ម័នបំពុលខ្យល់ត្រូវបានកាត់បន្ថយយ៉ាងច្រើនក្នុងរយៈពេល៩ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹង សេណារីយ៉ូ មូលដ្ឋាន ការកាត់បន្ថយការបញ្ចេញឧស្ម័ននៅឆ្នាំ២០៣០ គឺ PM2.5 ស្មើរនឹងចំនួន៥៩.៨ពាន់តោនត្រូវជា ៦០.៧១% PM10 មានចំនួន៧៣ពាន់តោន ត្រូវជា ៥៥.១% កាបូនខ្មៅមានចំនួន៩.៣ពាន់តោន ត្រូវជា ៦៣.៦៩% SO2 មានចំនួន៣៦.៥ ពាន់តោន ត្រូវជា៥២.១៤% NO2 មានចំនួន១៥៨ ពាន់តោន ត្រូវជា៤៨.០២% និង CO2 មានចំនួន៧.៤៦១.៧ ពាន់តោន ត្រូវជា១៨.៥៨%។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជានេះ ជាផែនការយុទ្ធសាស្រ្តសំដៅកំណត់សកម្មភាពកាត់ បន្ថយការ បញ្ចេញ ឧស្ម័ន បំពុលខ្យល់នៅប្រទេសកម្ពុជា និងផ្តល់ជាសារៈប្រយោជន៍ដល់កម្ពុជារួមមាន៖

* ទី១៖ ផ្តល់ជាទិន្នន័យស្ថានភាពគុណភាពខ្យល់ក្នុងពេលបច្ចុប្បន្ន និងនិន្នាការ ប្រែប្រួល ទៅឆ្នាំខាងមុខ

* ទី២៖ បង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានា ដែលជាប្រភព សំខាន់ នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត

* ទី៣៖ កំណត់ និងដាក់ចេញជាវិធានការការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់ ស្របគ្នានឹងការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលនឹងជួយលើក កម្ពស់ សុខភាព សាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងជាផ្នែកសំខាន់ក្នុងការកាត់បន្ថយការការប្រែប្រួលអាកាសធាតុ

* ទី៤៖ បង្ហាញពីជំហរកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគ្រប់គ្រងការបំពុលខ្យល់ក្នុងតំបន់ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ៕