(បាត់ដំបង)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីច្រកអន្តរជាតិដូង នៅរសៀលថ្ងៃនេះឲ្យដឹងថា ទីតាំងច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ហាក់បីដូចជាគ្មានសមត្ថកិច្ច និងកម្លាំងគយធ្វើការ ដោយទំនិញចេញចូលមានភាពងាយស្រួល ហាក់មិនមានការត្រួតពិនិត្យ។
ពលករខ្មែរម្នាក់ ដែលរកស៊ីឆ្លងដែនចេញចូល តាមច្រកអន្តរជាតិដូងនេះបានបញ្ជាក់ថា នៅទីនេះមានភាពធូររលុងណាស់ ចេញទៅប្រទេសថៃម្តងៗ បង់តែ២៥០០រៀលទៅ រួចរាល់ហើយ គ្មានពិនិត្យឯកសារក្រដាសស្នាមអ្វីទេ។ ចំណែកទំនិញឃើញចេញ-ចូល ហាក់អាណាធិបតេយ្យ ហើយទំនិញដែលចេញចូល ក៏មានចំណីអាហារផងដែរ ប្រសិនបើសមត្ថកិច្ច មិនបានត្រួតពិនិត្យត្រឹមត្រូវ ពិតជាអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។
ក្រុមអ្នកយកព័ត៌មាន មិនទាន់ដឹងថា បញ្ហាមិនត្រួតពិនិត្យបង្កឲ្យទំនិញចេញចូលគ្មានសណ្តាប់ធ្នាប់នោះ គឺដោយសារអ្វីទេ។ Fresh News រង់ចាំការបំភ្លឺពីប្រធានច្រកអន្តរជាតិដូង នៅចំងល់នេះ៕