(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង រីឯកម្ពុជា ក្នុងនាមប្រធានអាស៊ាននឹងប្រឹងប្រែងសម្របសម្រួលដល់ដំណើរការនេះ។

ការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីលោកផ្តល់ព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជា ក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តទៅវិញទៅមក។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួលដំណើរការនេះ ប៉ុន្តែជាក់ស្តែងការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារសំខាន់ណាស់»

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។ តាមសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ យោធាមីយ៉ាន់ម៉ាសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ហើយអំពាវនាវភាគីពាក់ព័ន្ធបញ្ឈប់ហិង្សា ខណៈកម្ពុជា-មីយ៉ាន់ម៉ា ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។ បន្ថែមលើនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានចេញមុខធានា និងសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕