(ស្វាយរៀង)៖ ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំតាសួស ស្រុកស្វាយជ្រំ បានអំពាវនាវដល់អាជ្ញាធរជួយអន្តរាគមន៍ ករណីក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលក់របស់ឈ្មោះ អ៊ុក ហង្សសីហា ដ៏ល្បីឈ្មោះមួយប្រើឯកសណ្ឋានយោធា បានដឹកដីជ្រុះអាចម៌ដី ក្រាលពេញពីលើថ្នល់កៅស៊ូ កម្រាស់២ហ៊ុន ប្រវែងប្រមាណ ២គីឡូម៉ែត្របង្កឲ្យប៉ះពាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៣ភូមិ និងហុយចូលផ្ទះប្រជាពលរដ្ឋក្នុងភូមិតាប៉ ភូមិអង្គាសដី និងភូមិតាសួសឃុំតាសួសស្រុកស្វាយជ្រំ។

ករណីប្រជាពលរដ្ឋធ្វើការអំពាវនាវនេះ កើតឡើងរយៈពេល៥ថ្ងៃមកហើយ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។

ពលរដ្ឋបានប្រាប់ឲ្យដឹងថា ជាង១ខែមកហើយ ដែលក្រុមហ៊ុនជីករណ្តៅដី យកអាចម៌ដីលក់ ធ្វើសកម្មភាពចរាចរណ៍រថយន្តបែនរាប់សិបគ្រឿងដឹកដី នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ប្រវែង២គីឡូម៉ែត្រ ចាប់ពីភូមិអង្គាសដីមកភូមិតា ប៉ និងភូមិតាសួស ឆ្ពោះមកផ្លូវជាតិលេខ១ ដោយរថយន្តដឹកដីទាំងអស់នោះ ដឹកហួសទ្រុងបង្កឲ្យធ្លាក់អាចម៍ដី ដែលជាដីឥដ្ឋ ធ្លាក់ក្រាលពេញពីលើផ្លូវកម្រាស់២ហ៊ុន ធ្វើឲ្យដីហុយចូលផ្ទះប្រជាពលរដ្ឋបីភូមិដែលរស់នៅតាមបណ្តោយផ្លូវ និងរអឹលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ទើបប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍។

ទាក់ទិនករណីនេះលោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំ បានប្រាប់ថា ចាំលោកឲ្យមន្ត្រីសាលាស្រុកចុះទៅពិនិត្យមើល។

លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្តឹងសុំឲ្យអាជ្ញាធរអន្តរាគមន៍នេះ លោកអភិបាលខេត្តស្វាយរៀងបាន បានចាត់ក្រុមការងារចុះទៅពីនិត្យរួចហើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានលោកអភិបាលរងខេត្ត ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរសាធារណការ លោកជាប្រធានមន្ទីររ៉ែ អភិបាលស្រុកស្វាយជ្រំ និងក្រុមប្រឹក្សាឃុំតាសួស ចុំទៅពិនិត្យមើលឃើញថា ក្រុមហ៊ុនលោក អ៊ុក ហង្សសីហា ពិតជាដឹកដី ខុសបច្ចេកទេស ដាក់អាចម៌ដីខ្ពស់ហួសទ្រុងបង្កឲ្យធ្លាក់អាចម៌ដី ក្រាលពេញលើថ្នល់កៅស៊ូ ពិតប្រាកដមែន។

បញ្ហាទាំងនេះរួមមាន៖

*ទី១៖ ធូលីហុយ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
*ទី២៖ ពេលបាញ់ទឹក ធ្វើឲ្យរអឹលពិបាកក្នុងការធ្វើដំណើរ ក្រុមការងារបានហៅលោកអ៊ុកហង្សសីហា មកធ្វើកិច្ចសន្យា ឲ្យកាយអាចម៌ដីដែលជ្រុះចេញពីថ្នល់ និងបបោសថ្នល់ជាប្រចាំ និងលាងសំអាតថ្នល់កុំឲ្យដីប្រឡាក់ថ្នល់ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាមការណែនាំ និងកិច្ចសន្យានៅឡើយរថយន្តនៅតែដឹកអាចម៍ដីខ្ពស់ជាងទ្រុងដ៏ដែល។

លោក ប៉ុក តក បន្តថា ក្រុមហ៊ុនចិន បានវិនិយោគគម្រោងលើផ្ទៃដី៣០ហិកតា ក្នុងនោះមានពុះដីឡូតិ៍ សង់ផ្ទះល្វែង និងសង់រោងចក្រនៅចំកណ្តាល។ ចំពោះរណ្តៅដី ក្រុមហ៊ុនម៉ៅការចាក់ដីរបស់ឈ្មោះ អ៊ុក ហង្សសីហា បានសុំអាជ្ញាបណ្ណ ទៅច្រកចេញចូលតែមួយនៃសាលាខេត្តស្វាយរៀងទំហំ ១ហិកតា ប៉ុន្តែជាក់ស្តែងគឺបានជីករណ្តៅរដីរហូតជិត ២ហិកតាទៅហើយ ដូច្នេះតម្រូវឲ្យក្រុមហ៊ុនសុំអាជ្ញាបន័ជាថ្មី ហើយក្នុងផ្លូវច្បាប់ កំណត់លើសពី១ហិកតា ត្រូវសុំច្បាប់ទៅក្រសួងរ៉ែ និងថាមពល ដោយគម្រោងចាក់ដីទំហំ ៣០ហិកតាឯណោះ មិនដឹងថា ក្រុមហ៊ុនចិនបានសុំច្បាប់វិនិយោគលើដី៣០ហិកតានេះហើយឬនៅទេ សូមទាក់ទងទៅក្រុមហ៊ុនឬទៅសាលាខេត្ត។

ទាក់ទិនករណីនេះដែរ មិនអាចរកសុំការបំភ្លឺពីលោក អ៊ុក ហង្សសីហាបានទេ ដោយមេការប្រាប់ថា មិនស្គាល់លេខមេ អ្វីដែលប្រជាពលរដ្ឋបារម្ភនោះដោយក្រុមហ៊ុននេះស្លៀកពាក់ឯកសណ្ឋាណជាទាហាន សូមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល មេត្តាចុះមកពិនិត្យអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពផង៕