Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហម​ខេត្តបាត់ដំបង កំពុងសម្រុក ដឹកទឹកចែក​ជូនប្រជា​ពលរដ្ឋ ដែលខ្វះខាត

27-04-2016 16:42

(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិកា​សាខាខេត្ត និងសហការី ព្រមទាំងយុវជន កាកបាទក្រហមកម្ពុជា បាននាំយក​ស៊ីទែន​ទឹកចល័តចំណុះ៥០០០​លីត្រ ដែលជាអំណោយ​របស់ក្រុមហ៊ុន កាប់ពីតូលប្រគល់ និងចែកទឹក​ជូនដល់បងប្អូន ប្រជាពលរដ្ឋដែល​ជួបការលំបាក ខ្វះខាតទឹកប្រើប្រាស់​ខ្លាំង ចំនួន២៥០គ្រួសារ ស្ថិតក្នុងភូមិ​បឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦នេះ។

សកម្មភាពទាំងនេះ គឺដើម្បីជាការឆ្លើយតបទៅ នឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៦នេះ ស្នើឱ្យកាកបាទក្រហមកម្ពុជា បង្វែរទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អនុសាសន៍ឲ្យសាខា អនុសាខា អនុវត្តដូចតទៅ៖ សាខា អនុសាខា ក្រុម អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ត្រូវក្ដាប់ឱ្យបានអំពីតម្រូវការ ទឹកបរិភោគ ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវចាត់វិធានការដឹកទឹកចែក ជូនឱ្យបានទាន់ពេលវេលា ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារការខ្វះទឹកឡើយ។ សាខាកាកបាទក្រហមត្រូវបន្តកិច្ចសម្របសម្រួល និងសហការយ៉ាងជិត​ស្និទ្ធជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកឲ្យអស់ពីលទ្ធភាព សាខាក្នុងការដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីផ្ដល់​ថ្នាំក្លរ៉ាមីនជូនប្រជាពលរដ្ឋដែលប្រើប្រាស់ ទឹកមិនស្អាត និងក្ដាប់ឱ្យបាននូវការលេចឡើងនូវជំងឺដែលកើតឡើង ដោយសារការប្រើប្រាស់ទឹកមិនស្អាត ឬការខ្វះខាតទឹក ដោយមិនបាន​ធ្វើ​អនាម័យខ្លួនប្រាណឱ្យបានទៀងទាត់។

ក្នុងនោះដែរ សាខាកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមក្នុងការដោះស្រាយបញ្ហាខ្វះទឹក ដែលកំពុងគម្រាមកំហែងដល់ជីវភាព​រស់នៅរបស់​ប្រជា​ពលរដ្ឋយើង។  ជាចុងក្រោយសាខាកាកបាទក្រហមខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនទេសចរណ៍កាប់ពីតូលដែលបានផ្តល់ស៊ីតេនទឹកចំនួន២ ចំណុះ៥០០០លីត្រ តាមរយៈសាខា​សម្រាប់ស្តុបទឹកជួយបងប្អូនដែលកំពុងជួបការលំបាក៕