(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ ២០១៦នេះ បានបកស្រាយជុំវិញបញ្ហាដែលប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គម Facebook ចង់ដឹងថា «ហេតុអ្វីបានជាវាយកម្ទេចស្ពានក្បាលហុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដើម្បីកែប្រែរូបរាងថ្មី ពីស្ពានថ្មមកជាស្ពានយោលវិញ?»
តាមរយៈអង្គភាព Fresh News លោកអភិបាលខេត្តបានថ្លែងថា សំណង់ទ្វាទឹកក្បាលហុង គឺសាងសង់ឡើងក្នុងសម័យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមបាក់បែកគ្មានសរសៃដែក មិនអាចបម្រើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋបាននោះទេ ពោលគឺបានត្រឹមតែជាស្ពានសម្រាប់ថ្មើរជើងប៉ុណ្ណោះ បន្ថែមពីនោះទៀតសំណង់នេះធ្លាប់បង្កឲ្យមានហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឲ្យស្ទះលិចក្រុងពោធិ៍សាត់ផងដែរ។
លោកអភិបាលខេត្តបានបន្តថា ថ្វីត្បិតស្ពានក្បាលហុង គឺជាស្ពានប្រវត្តិសាស្ត្រក៏ពិតមែន ជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវតែកែសម្រួលឡើងវិញ ពីទ្វាទឹកចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ ដោយមានស្ពានយោល និងទំនប់បង្ហៀរ ដែលមានកម្ពស់ទៅដល់១,៨ម៉ែត្រ ហើយមានទ្វាទឹក ២សងខាង ដែលអាចរំដោះទឹកជំនន់ចេញពីក្រុងពោធិ៍សាត់ បានយ៉ាងងាយស្រួល ជាពិសេសអាចទប់ទឹកក្នុងរដូវប្រាំង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ទៅដល់បងប្អូនប្រជាកសិករ និងបម្រើដល់វិស័យទេសចរណ៍ ដូចជា៖ ស្រោចស្រពដំណាំកសិកម្ម ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ នៅកោះសំពៅមាស នៅលើស្ពានយោល លេងកម្សាន្តក្រោមទំនប់បង្ហៀរក្បាលហុង ជិះទូកលេងជុំវិញកោះសំពៅមាស។ល។
លោកបានបន្តទៀតថា ស្ទឹងពោធិ៍សាត់ គឺជាស្ទឹងរស់មានទឹកពុំដែលដាច់ម្តងណានោះទេ បច្ចុប្បន្ននេះសង្គមជាតិយើងមានសុខសន្តិភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូននូវសមិទ្ធិផលជាច្រើនដូចជា៖ សំណង់ធារាស្ត្រខ្នាតធំ ២កន្លែង គឺទំនប់លេខ៣ លេខ៥ ជាអាងទឹក ដែលមានលទ្ធភាពរក្សាទឹកទុកបានជាង ៥០លានម៉ែត្រគូប នៅស្រុកភ្នំក្រវាញ និង សំណង់ធារាស្ត្រខ្នាតមធ្យម ១៥កន្លែងទៀត សម្រាប់បើកឲ្យប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំងនេះតែម្តង៕