(ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថា ជាលោកតាធាក់ស៊ីក្លូ​ដ៏កំសត់នោះ បានលាចាកលោក​នេះហើយ កាលពីវេលា​ម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដោយបានដេកស្លាប់ យ៉ាងសង្វេគលើស៊ីក្លូ​សំណព្វ​ចិត្ត​របស់គាត់ សង្ស័យខ្យល់​គ​តែម្នាក់​ឯង គ្មានអ្នកជួយ នៅមុខផ្ទះលេខ25Eo ផ្លូវ១៤២ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

លោកតាដ៏កំសត់ខាងលើ មានឈ្មោះ សុខ ចក់ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហេតុការណ៍ដ៏គួរឱ្យសង្វេគនេះ បានធ្វើឱ្យមានការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅជិតនោះផងដែរ។ បច្ចុប្បន្ន សាកសពត្រូវបានអាជ្ញាធរប្រគល់​ជូនបងប្អូនយក​ទៅបូជានៅវត្តអង្គតាម៉ិញ។ ក្នុងនោះ លោកចៅសង្កាត់ផ្សារថ្មី២ ក៏បានប្រមូលប្រាក់​ពីសប្បុរសជននៅ​ជុំវិញនោះ បានចំនួន​៥០ម៉ឺនរៀល យកទៅចូលរួមពិធីបុណ្យសព។ ក្រៅពីនេះ លោក ហួត សាង និងក្រុមគ្រួសារ បានជួយចេញថ្លៃក្តាម​ឈូស និងថ្លៃបូជាសព​ទាំងស្រុង ដើម្បីជាការចូលរួម​រំលែកទុក្ខ​ជាមួយគ្រួសារសព និងសម្ដែងនូវក្ដីអាណិតអាសូរ​ដល់សព​លោកតា សុខ ចក់៕