(កំពង់ឆ្នាំង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានបន្ដបេសកកម្មចុះពិនិត្យ និងជំរុញដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។

ក្នុងបេសកកម្មនៅថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន ក៏មានការអញ្ជើញចូលរួមអមដំណើរពី លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាផងដែរ។

ផ្ដើមដំបូងលោកស្រី ឱ វណ្ណឌីន ដែលទទួលបន្ទុកលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពសាលាលេខ៥, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមណ្ឌលសុខភាពអភិវឌ្ឍន៍។

បន្ថែមពីនេះ លោកស្រី ក៏បានជួបពិភាក្សាការងារមួយចំនួន ជាមួយលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង។

ជាការកត់សម្គាល់ នៅពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើមិត្តជាមួយវ៉ាក់សាំង ពោលមិនត្រូវធ្វើសត្រូវជាមួយវ៉ាក់សាំងនោះទេ ហើយសម្រាប់អ្នកដែលមិនទាន់បានចាក់គ្រប់ដូសមូលដ្ឋាន ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាលតែម្ដង។

លោកស្រី ឱ វណ្ណឌីន បានរំលឹកដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីយកឈ្នះលើជំងឹកូវីដ១៩ ខណៈបច្ចុប្បន្នជំងឺបំប្លែងខ្លួនថ្មី បានឆ្លងចូលក្នុងសហគមន៍ប្រទេសកម្ពុជា ដែលជាបញ្ហាប្រឈមថ្មីបន្ថែមទៀតសម្រាប់កម្ពុជា៕