(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់តុលាការ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះថា ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទប្រកាន់មួយបទល្មើស លើលោក ស៊ាង ចែត មេឃុំស្រក សមាជិកគណបក្សសមរង្ស៊ី ដែលត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួន។
មន្រ្តីជាន់ខ្ពស់តុលាការបានបញ្ជាក់ថា បទល្មើសដែលចោទប្រកាន់លោក ស៊ាង ចែត គឺបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ទ មានទោស ៥ទៅ១០ឆ្នាំ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី។
ការចោទប្រកាន់របស់តុលាការនេះ បានធ្វើឡើង ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរ លោក ស៊ាង ចែត មេឃុំស្រក របស់គណបក្សសមរង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម តាំងពីវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី២៧ ខែមេសានេះ ។
គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។ លោក ស៊ាង ចែត មេឃុំស្រក ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាង ក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕