(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានបើកយុទ្ធនាការដឹកជញ្ជូនទឹកជូន ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងសង្កាត់គោរកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក សុខ សម្បិត្ត អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ផងដែរថា ឆ្នាំនេះកម្តៅឡើងខ្លាំងហួតហែង ទឹកទន្លេ ស្ទឹង បឹងបួរមានកម្ពស់ទាប (លើសការព្យាករណ៍) និងសូម្បីតែអណ្តូងទឹកក៏ចាប់ផ្តើមរីងជាបណ្តើរៗដោយកន្លែងដែរ។ គ្រោះរាំងស្ងួតនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវការជាចាំបាច់នូវការយកចិត្តទុក្ខដាក់ និងផ្តល់ជាដំណោះស្រាយជូនពួកគាត់។ យ៉ាងណាមិញ សាលារាជធានីភ្នំពេញ និងបន្តយុទ្ធនាការនេះបន្តទៀត ក៏ដូចជាខិតខំរកមធ្យោបាយជាយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនយើងណាម្នាក់រងគ្រោះដោយសារតែខ្វះខាតទឹកនោះទេ។
គួររំលឹកផងដែរថា នៅថ្ងៃម្សិលមិញ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្វះទឹកនោះទេ៕