(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ប្រទេសចិនប្រឆាំងជាដាច់ខាត ចំពោះសកម្មជនមួយចំនួននៅកោះតៃវ៉ាន់ ដែលបាននិងកំពុងបង្ហាញសកម្មភាពមួយចំនួន ដែលអាចនឹង ឈានទៅការទាមទារឯករាជ្យ ដូចកាលពីអតីតកាលតាមរយៈការគ្រោង រៀបចំបោះឆ្នោតប្រជាមតិ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យថ្នាក់រដ្ឋលោក An Fengshan បានថ្លែងនៅថ្ងៃពុធ នេះដោយឆ្លើយតបទៅនឹងសំណួរ នានាពាក់ព័ន្ធនឹងកិច្ចពិភាក្សាក្នុងសភាកោះតៃវ៉ាន់ ជាពិសេសការកែប្រែច្បាប់បោះឆ្នោតធ្វើប្រជាមតិ ដែលប្រការនោះវា នឹងអាចត្រួសត្រាយផ្លូវសម្រាប់ដែនដីកោះរបស់ចិនមួយនេះ អាចទាមទារ ឯករាជ្យ នៅថ្ងៃមុខជាក់ជាមិនខាន។
លោក An Fengshan បានថ្លែងច្បាស់ៗដូច្នេះថា «យើងជំទាស់ដាច់ខាតទៅនឹងក្រុម ដែលចង់ប្រមូលកម្លាំង ទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់ តាមរយៈវិធីណាក៏ដោយ។ ទោះបីវាជាការបោះឆ្នោតធ្វើប្រជាមតិ ឬ ក៏បង្កើតរដ្ឋធម្មនុញ្ញថ្មីក៏ដោយ ក៏ចិនគ្មានវិធីណា នឹងយល់ស្របតាមនោះដែរ»។
ក្រៅពីការជំទាស់យ៉ាងដាច់អហង្ការនោះ រដ្ឋាភិបាលចិននៅទាមទារបន្ថែមទៀត ឲ្យសហរដ្ឋអាមេរិក ដែលជាអ្នកស្និតនឹងកោះតៃវ៉ាន់ ត្រូវរក្សាជំហររបស់ខ្លួនឲ្យនៅអព្យាក្រិត ហើយត្រូវប្រាប់កោះតៃវ៉ាន់ កុំឲ្យគិតស្រមៃរឿងចង់បានឯករាជ្យនោះទៀត៕