(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយមួយគ្រួសារ ស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោក ឈួន មុន្នី អនុប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកណាម្នាក់ចោល។

លោក ក៏បានក្រើនរលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ហើយអាជ្ញាធរភូមិ ឃុំ នៅតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះថាជំងឺនេះ នៅតែបន្តឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងជាសកលលោកនៅឡើយ។

អំណោយមនុស្សធម៌ដែលផ្ដល់ជូនរួមមាន អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ប្រេងឆាចំណុះ២លីត្រ ១ដប សម្ភារប្រើប្រាស់មួយឃីត និងថវិកា ២៧០,០០០រៀលផងដែរ៕