(ភ្នំពេញ)៖ អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក លោក ប៊្រុយណូ បូដាដ (Bruno BODARD) បានកោតសរសើរចំពោះកម្ពុជាដែលខិតខំរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ATF 2022) ប្រកបដោយភាពជោគជ័យ។ នេះបើតាមសារលិខិតរបស់លោក ប៊្រុយណូ បូដាដ ដែលបានផ្ញើមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍។

ក្នុងសារលិខិតនោះបានបញ្ជាក់ថា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បានកោតសរសើរយ៉ាងខ្លាំងចំពោះជោគជ័យនៃការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ក្រោមការដឹកនាំរៀបចំដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ជាពិសេសតាមរយៈការចូលរួមដោយផ្ទាល់ពីបណ្តាប្រតិភូ និងភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងរូបលោកផ្ទាល់ដែលមកពីប្រទេសបារាំង។

លោក ប៊្រុយណូ បូដាដ បានបញ្ជាក់ក្នុងសារលិខិតទៀតថា វេទិកានេះ រួមជាមួយការប្រកាសបើកទេសចរណ៍អាស៊ាននេះ អាចចាត់ទុកថាជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិលើកដំបូងសម្រាប់តំបន់អាស៊ី និងជាគំរូសម្រាប់ប្រទេសដទៃ ដោយលោកផ្ទាល់មើលឃើញផ្ទាល់ថា ការរៀបចំទាំងមូលមានការត្រួតពិនិត្យ និងអនុវត្តបានម៉ត់ចត់តាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាំងពីដើមរហូតដល់ចប់កម្មវិធី។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចាត់វិធានការតាំងពីដំបូងប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកនៅបន្តញាំញីដោយវិបត្តិនេះ។

លោក ប៊្រុយណូ បូដាដ បានថ្លែងអំណរគុណដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានជួបពិភាក្សាជាមួយលោកកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងជំនួបជាមួយលោកអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលដោយលោក ថោង ខុន ដោយទាំងអស់គ្នាបានពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ និងសមិទ្ធផលជាច្រើនពាក់ព័ន្ធការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។

ក្នុងន័យនេះ ក្នុងនាមស្ថាបនិក និងអគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក លោក ប៊្រុយណូ បូដាដ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការអភិវឌ្ឍក្រុងសីហនុ ដែលលោកបានឃើញផ្ទាល់នឹងភ្នែក ដែលមានដូចជាផ្លូវថ្នល់ធំទូលាយស្របតាមស្តង់ដា ការរៀបចំសោភ័ណភាពឆ្នេរសមុទ្រជាមួយបន្ទប់ទឹកសាធារណៈ ការរៀបចំអាងប្រព្រឹត្តកម្មទឹកសម្អុយជាដើម។ ទាំងអស់នេះ ធ្វើឲ្យលោកអាចវាយតម្លៃថាជាឧទាហរណ៍ដ៏ល្អក្នុងការគិតគូរគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរសមុទ្រសម្រាប់អនាគត។

អគ្គនាយកក្លឹបឆ្នេររូបនេះបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកឆ្នាំ២០២២ ដែលជាលទ្ធផលនៃជំនួបសម្តែងការគួរសមប្រកបភាពស្និទ្ធស្នាល មិត្តភាព និយាយត្រង់ៗមកចេញពីបេះដូងរវាងភាគីទាំងពីរ នាឱកាសពិធីបុណ្យសមុទ្រ កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។

លោកបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយនៃអង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។

លោក ប៊្រុយណូ បូដាដ បានបញ្ជាក់ទៀតថា មហាសន្និបាតពិភពលោកនៅឆ្នាំ២០២២ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលសម្រេចបានដោយព្រះរាជាណាចក្រកម្ពុជា៕