(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារអំពាវនាវ និងការថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រ ដល់ការបើកដំណើរការសាលារៀន ប្រកបដោយសុវត្ថិភាព និងសុខុមាលភាព ក្នុងបរិបទកូវីដ-១៩ ក្នុងទិវាអប់រំអន្តរជាតិ ២៤ មករា។

ក្នុងវីដេអូជិត៤នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវ កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ទទួលបានជោគជ័យដែល បានផ្តល់អាទិភាព នៅក្នុងការចាក់វ៉ាក់សាំង ដល់បុគ្គលិកអប់រំលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលអាចឲ្យបើកសាលារៀនដំណើរការបានវិញ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត នៅក្នុងការរៀនប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីផ្តល់ការអប់រំ ដល់សិស្សានុសិស្សនៅក្នុងបរិបទ នៃការផ្អាកដំណើរការសាលារៀន ហើយក៏បានចេញនូវគំនិតច្នៃប្រឌិត នៅក្នុងការបង្រៀន តាមបែបអេឡិចត្រូនិក ការបង្រៀនតាមបណ្ដុំ, ការបង្រៀនតាមខ្នងផ្ទះ, ការបង្រៀនដោយប្រើប្រាស់សន្លឹកកិច្ចការ និងការបង្រៀនពីចម្ងាយ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមវាយតម្លៃខ្ពស់ នៅក្នុងទិវាអប់រំអន្តរជាតិនេះ ចំពោះការខិតខំប្រឹងប្រែង របស់ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសហគមន៍ មាតាបិតា ដែលបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ជួយគាំទ្រដល់សាលារៀន ដើម្បីផ្ដល់នូវសម្ភារៈឧបទេស និងអនាម័យផ្សេងៗ ដើម្បីធានាបាននូវការ បើកដំណើរការសាលារៀន ប្រកបដោយសុវត្ថិភាព ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ក្រសួងអប់រំ យុវជន និងកីឡា បានបើកវេសនាកាលថ្មី ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ដូច្នេះតាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមដាក់ចេញនូវវិធានការដូចតទៅ៖

ទី១៖ សូមឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ប្រុងប្រយ័ត្នអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន នូវស្តង់ដារសុវត្ថិភាពអនាម័យ ដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បានដាក់ចេញ ជាពិសេស គឺអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបីកុំ និងបីការពារ

ទី២៖ ត្រូវបង្កើតឲ្យមានជាគណៈកម្មការសុវត្ថិភាព សុខភាពសិក្សា នៅតាមខេត្តក្រុង ហើយបង្កើតឲ្យមានគណៈកម្មការសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា ឲ្យមានការចូលរួមពីមណ្ឌលសុខភាព មានគ្រូបង្គោល និងគ្រូប្រចាំថ្នាក់

ទី៣៖ សូមអនុវត្ដនៅតាមតំបន់ណា ដែលមានហានិភ័យខ្ពស់ នូវការរៀនតាមបណ្ដុំ ដោយមិនត្រូវឲ្យចំនួនសរុបសិស្សលើសពី២០ ឬ២៥នាក់ឡើយ ហើយរក្សានូវគម្លាតឲ្យបានយ៉ាងខ្ជាប់ខ្ជួន ហើយត្រូវរៀនផ្លាស់វេនគ្នា៕