(ភ្នំពេញ)៖ សង្គមស៊ីវិល និងសហគមន៍ការពារព្រៃឡង់ ដែលគេស្គាល់ថា ជាអ្នកតស៊ូមតិដ៏ស្វិតស្វាញ ក្នុងការពារព្រៃឈើ និងសត្វព្រៃ បានអបអរសាទរចំពោះការដាក់ព្រៃឡង់ និងព្រៃផ្តល់ផលផ្សេងទៀត សរុបមានផ្ទៃដីជិតមួយលានហិកតាជាតំបន់ការពារធម្មជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រជាសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ បានលើកឡើងថា ពួកគាត់នឹងបន្តលះបង់កម្លាំងកាយចិត្ត និងបន្តចូលរួមសហការយ៉ាងសកម្ម ជាមួយក្រសួងបរិស្ថានដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រងតំបន់ទាំងនោះ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ក៏ដូចជាអង្គការសង្គមស៊ីវិល ជាដៃគូផ្សេងៗក្នុងបុព្វហេតុការពារព្រៃឡង់។
ចំណែកបណ្តុំសង្គមស៊ីវិលក្នុងនោះរួមមានសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការ WWF កម្ពុជា អង្គការសម្ព័ន្ធភាពសត្វព្រៃ (WA) អង្គការ ជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងមជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើ (RECOFTC) បានបង្ហាញគោលជំហរគាំទ្រយ៉ាងជ្រៀលជ្រៅចំពោះការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងបរិស្ថានក្នុងការដាក់ផ្ទៃដីជិត ១លាន ហិកតានៃព្រៃឡង់ ព្រៃក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃជាតំបន់ ការពារធម្មជាតិថ្មី។
សង្គមស៊ីវិលទាំងនេះ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងបរិស្ថាន និងស្ថាប័នផ្សេងទៀត តាមរយៈមធ្យោបាយផ្សេងៗ ដើម្បីធានាដល់ការងារអភិរក្សព្រៃឈើ ដ៏មានតម្លៃ និងធនធានធម្មជាតិសំខាន់ៗរបស់ ប្រទេសកម្ពុជា។
ជាងនេះទៅទៀត ក្រុមសង្គមស៊ីវិល និងក្រុមសហគមន៍ព្រៃឡង់មានការរីរករាយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពិគ្រោះ យោបល់លើការរៀបចំដាក់បញ្ចូលព្រៃផ្តល់ផលទាំង៥ កន្លែងជាតំបន់ការពារ ធម្មជាតិថ្មី នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាពិគ្រោះយោបល់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ កន្លងទៅ។ នេះជាការបើកទំព័រថ្មីមួយទៀត ក្នុងកិច្ចសហការរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រជាសហគមន៍ និងសង្គមស៊ីវិលលើការងារអភិរក្សធនធានធម្មជាតិដែលពីមុនមកមិនដែលធ្លាប់មាន។
វប្បធម៌សន្ទនា និងសហការគ្នានេះជា អ្វីដែលគ្រប់ភាគីទាំងអស់ចង់បានព្រោះថា ទោះបីជាមានសកម្មភាពផ្សេងៗ ប៉ុន្តែទាំងអស់គ្នាក៏មានគោលដៅរួមតែ មួយគឺការពារធនធានធម្មជាតិដែល កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ការចាប់ផ្តើមសន្ទនាគ្នា និងទទួលយកកិច្ចសហការរវាងស្ថាប័នរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ប្រជាសហគមន៍ គឺបង្ហាញពីភាពចាស់ទុំ ផ្នែកនយោបាយ និងភាពសុខដុមរមណីយកម្ម របស់ប្រទេសជាតិ ហើយវប្បធម៌នេះ បាននិងកំពុងជំនួសវប្បធម៌នៃការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចគ្នារវាងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ប្រជាសហគមន៍។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងបរិស្ថាន បន្តការរៀបចំដាក់តំបន់ព្រៃផ្តល់ផលចំនួន៥ កន្លែងរួមមានព្រៃឡង់ ព្រៃក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ ការសម្រេចចិត្តនេះត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ប្រជាសហគមន៍ និងសង្គមស៊ីវិលដែលធ្វើការងារលើកិច្ចការគាំពារបរិស្ថានអភិរក្ស ជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃដោយអ្នក ទាំងនោះ បានចាត់ទុកការសម្រេចចិត្តនេះថាបានឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មុះមុត ក៏ដូចជាដំណោះស្រាយយូរអង្វែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា សម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយ៕