(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកសកម្មភាពអស់មួយរយៈធំ នៃដំណើរការអាជីវកម្មដឹកអ្នកដំណើររបស់ផ្លូវដែកនៅកម្ពុជា ហើយឥឡូវផ្លូវដែកបានចាប់ផ្ដើម ដាក់អោយដំណើរការដឹកអ្នកដំណើរឡើងវិញមក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយដែលមិនបានដឹង និងស្គាល់ពីប្រវត្តិផ្លូវដែកនៅកម្ពុជា។
ដើម្បីស្វែងយល់អោយបានស៊ីជំរៅ និងដឹងកាន់តែច្បាស់ពីប្រវត្តិផ្លូវដែកនៅកម្ពុជា Fresh News សូមដកស្រង់នូវប្រវត្តិផ្លូវដែកនៅកម្ពុជា ដែលចុះផ្សាយនៅក្នុងទស្សនាវដ្ដី «កម្ពុជាសង្គមរាស្ត្រនិយម» ស្ដីពីសាធារណការនៅកម្ពុជា ជាពិសេសមហាស្ថាបនាជាតិរបស់សង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៦៩ ដែលទស្សនាវដ្ដីនេះ ត្រូវបានសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យ ព្រះរាជទាន ដល់អង្គភាពព័ត៌មាន Fresh News ទុកជាអនុស្សាវរីយ៍។
ទស្សនាវដ្ដី «កម្ពុជាសង្គមរាស្ត្រនិយម» បានសរសេរឲ្យដឹងថា មុនសម័យសង្គមរាស្ត្រនិយម ផ្លូវរទេះភ្លើងនៅកម្ពុជាមានតែមួយខ្សែគត់ គឺពីភ្នំពេញទៅបាត់ដំបង ប៉ោយប៉ែត មានចម្ងាយ៣៨៥គីឡូម៉ែត្រ។ ផ្លូវរទេះភ្លើងនេះត្រូវបានអាណានិគមបារាំងប្រគល់ជូនរាជរដ្ឋាភិបាលវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥២។ ដើម្បីបំរើជីវភាពប្រចាំថ្ងៃ នៃប្រជារាស្ត្រតូចតាច ដែលពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែប្រសើរឡើង រាជអយស្ម័យយានកម្ពុជា បានខិតខំបើកស្ថានីយថ្មីជាច្រើនទៀត មានស្ថានីយសំរោង ត្រាចទង ព្រៃស្វាយ កោះចរ កូប ដំណាក់ស្មាច់ និងប៉ោយប៉ែតជាដើម។
ចាប់ពីដើមឆ្នាំ១៩៦០ ក្រោមព្រះរាជតំរេះនៃសម្ដេចប្រមុខរដ្ឋ រាជអយស្ម័យយានកម្ពុជាបានចាប់កសាងផ្លូវរទេះភ្លើងមួយទៀត ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានចំងាយ២៧០គីឡូម៉ែត្រ។ សម្ដេចព្រះប្រមុខរដ្ឋទ្រង់បានសម្ពោធការដ្ឋានហត្ថកម្ម ដើម្បីកសាងផ្លូវដែកនេះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦០។ នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៦៦ សម្ដេចព្រះប្រមុខរដ្ឋ ទ្រង់បានសម្ពោធស្ថានីយអយស្ម័យយានទី១ នៃផ្លូវរទេះភ្លើងថ្មី ភ្នំពេញ-ក្រុងព្រះសីហនុ នៅប្រទះឡាង។ ស្ថានីយនេះទ្រង់បានកសាងនៅខែសីហា ឆ្នាំ១៩៦០។ កាលណោះសម្ដេចព្រះប្រមុខរដ្ឋ ព្រះអង្គទ្រង់បានបើកការដ្ឋានហត្ថកម្មដោយព្រះអង្គផ្ទាល់។
ការកសាងផ្លូវរទេះភ្លើងនេះជាវិភាគទានមួយផ្នែកសំខាន់របស់ប្រជារាស្ត្រ ដោយធ្វើការងារមិនយកកំរៃ នូវ៦០ភាគរយនៃការស្ថាបនានេះ។ ព្រះសង្ឃ កសិករ អ្នករាជការ កងយោធពលខេមរភូមិន្ទ និងយុវជនរាជសង្គមនិយម បានរួមកំលាំងគ្នាយ៉ាងជិតស្និតដើម្បីធ្វើការងាររួមនេះ។ ស្ថានីយអយស្ម័យយាន នៅប្រទះឡាង និងនៅព្រៃទទឹង បានសាងសង់ឡើងមួយផ្នែកធំ ដោយប្រជារាស្ត្រនៅខេត្តកណ្ដាល។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៦៥ សម្ដេចព្រះប្រមុខរដ្ឋ ទ្រង់យាងទៅចក្រីទិង ក្នុងខេត្តកំពតដែលមានរោងចក្រផលិតស៊ីម៉ង់ត៍មួយយ៉ាងសំខាន់ ដើម្បីព្រះអង្គទ្រង់បើកការដ្ឋានថ្មីមួយទៀត នៃការហត្ថកម្មសំរាប់ស្ថាបនាបន្តទៅទៀត នូវផ្លូវរទេះភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៦៥ សម្ដេចព្រះប្រមុខរដ្ឋ ទ្រង់បានអញ្ជើញអង្គទូតនានា អ្នកដំណាងកាសែត និងឥស្សរជនខ្មែរ និងបរទេសជាច្រើនរូប ឡើងជិះរទេះភ្លើងពិសេស ពីភ្នំពេញទៅតាកែវ ដង្ហែព្រះអង្គ ដើម្បីព្រះអង្គបានបង្ហាញគេទាំងឡាយនូវកំណាត់ទី១នៃផ្លូវដែកថ្មីនេះ។
ជាបន្តបន្ទាប់សម្ដេចព្រះប្រមុខរដ្ឋបានដឹកនាំកសាងស្ថានីយរទេះភ្លើងពីស្ថានីយនៅខេត្តតាកែវ ឈានទៅស្ថានីយនៅទូកមាស កែប ហើយស្ថានីយនៅ ខេត្តកំពត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៦៧ ហើយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៦៨ ទើបបញ្ចប់ការស្ថាបនា ផ្លូវរទេះភ្លើងភ្នំពេញ-ក្រុងព្រះសីហនុទាំងស្រុង និងបើកប្រើជាសាធារណៈនៅខែមេសា ឆ្នាំ១៩៦៩។ សម័យនោះប្រទេសកម្ពុជា មានក្បាលរទេះភ្លើង ចំនួន១៣ក្បាលប្រើម៉ាស៊ីនដោយប្រើប្រេងឌីយេហ្សែល អគ្គិសនី២០០០សេះរបស់ប្រទេសបារាំង៕