(កំពង់ស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ បានសំណេះសំណាលជាមួយអ្នកគ្រូលោកគ្រូ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ទាំង ៣៣នាក់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។

នាឱកាសសំណេះសំណាលនោះ លោកអភិបាលខេត្ត ក៏បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សទទួលបាននិទ្ទេស A ទាំង ៣៣នាក់ នូវម៉ូតូ Honda Beat ឆ្នាំ2022 សម្រាប់ម្នាក់ ១គ្រឿងផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចូលរួមអបអរសាទរចំពោះ លទ្ធផលដែលក្មួយៗទទួលបាននៅពលេនេះ។

លោកបានស្វាគមន៍ និងមានមោទកភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។

លោកក៏បានអំពាវនាវឲ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស៕