(ភ្នំពេញ)៖ នៅថ្ងៃរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាខ្មែរ-អាមេរិកាំង បានប្រតិកម្មទៅនឹងការ Share Facebook Page របស់ US embassy Phnom Penh, Cambodia នៅក្នុងករណីផ្ទាល់ខ្លួនរបស់លោក អ៊ូ វីរៈ។
លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំឆ្ងល់ចំពោះការ Share របស់ Page US embassy Phnom Penh, Cambodia តាមរយៈខ្លឹមសារអត្ថបទ និងរូបថត ដែលភ្ជាប់មកជាមួយនេះ តើលោក អ៊ូ វីរៈ ចង់ដាក់សម្ពាធមកលើប្រព័ន្ធតុលាការកម្ពុជា ឬចង់បង្ហាញពីសកម្មភាព ជ្រៀតជ្រែករបស់ ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ចូលក្នុងដែនអធិបតេយ្យភាព នៃប្រជាជាតិឯករាជ្យមួយ? ឬមួយលោក អ៊ូ វីរៈ បង្ហាញថា លោកជាភ្នាក់ងារបរទេស របស់សហរដ្ឋអាមេរិក មកបំពេញបេសកកម្មសំងាត់ណាមួយ និងកំញើញព្រះរាជាណាចក្រកម្ពុជា»។ នេះជាចម្ងល់ផ្ទាល់ របស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំបានឃើញរូបថតជាសាធារណៈ របស់សម្តេចតេជោ ហ៊ុន សែន ចាប់ដៃជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា ជាច្រើនដង ក្នុងន័យសហការ និងទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ។
លោក ផៃ ស៊ីផាន អះអាងប្រាប់បន្ថែមទៀតថា «តើរូបថតខាងក្រោមនេះ ណាមួយដែលមានន័យជាផលប្រយោជន៍ របស់សហរដ្ឋអាមេរិក?»
សូមជំរាបថា កន្លងទៅនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ Fresh News នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នេះថា គណបក្សប្រជាជនកម្ពុជា (CPP) កំពុងពិចារណាប្តឹង លោក អ៊ូ វីរៈ នាយកវេទិកាអនាគត បន្ទាប់ពីអ្នកវិភាគសង្គមរូបនេះ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំយុទ្ធសាស្រ្តរឿងអាស្រូវស្នេហ៍ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ចំណែកការ Post រូបភាពលោក អ៊ូ វីរៈ និងអត្តន័យ នៅលើ Facebook Page ស្ថានទូតសហរដ្ឋអាមេរិកបង្ហោះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ហើយលោក អ៊ូ វីរៈ បានបន្ត Share ទៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក៕