(កំពត)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើក៏ដូចជាសំណូមពរ ដល់សមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រធ្វើគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការ គិត និងការអនុវត្តការងារ។

ការស្នើ និងសំណូមពរដូចនេះ ខណៈ លោក ហ៊ុន ម៉ានី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមយុវជន ជាអ្នកបន្តវេន ត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ ដោយមិនត្រឹមតែធ្វើសកម្មភាពជួយលើការងារសង្គម និងការងារមនុស្សធម៌តែប៉ុណ្ណោះទេ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ស.ស.យ.ក. ខេត្តកំពត បានសហការល្អជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដើម្បីបម្រើការងារសង្គម និងមនុស្សធម៌ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានល្អប្រសើរ នារយៈពេលកន្លងមក។

លើសពីនេះទៀត លោក ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែង ផ្តល់ឱកាសដល់សមាជិក (ស.ស.យ.ក.) តាមមូលដ្ឋាននីមួយៗ ដោយបានសហការយ៉ាងល្អប្រសើរ។

សកម្មភាពទាំងអស់របស់សមាជិក សមាជិកា (ស.ស.យ.ក) គឺកើតចេញពីការលះបង់របស់សមាជិក សមាជិកា នៅទូទាំងប្រទេស ហើយត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ដោយបានផ្សារភា្ជប់ស្លាកសញ្ញា នៃស្ថាប័ន និងឯកសណ្ឋាន (ស.ស.យ.ក) ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមានសម្រាប់សង្គម។

បន្ថែមពីនេះទៀត លោក ម៉ៅ ធនិន អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ ទាំងស្មារតីសម្ភារៈ និងថវិការបស់សមាជិក សមាជិកា (ស.ស.យ.ក) ខេត្តកំពតទាំងអស់ ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈការបណ្ដុះបណ្ដាល យ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញឱ្យអនុវត្តន៍មានប្រសិទ្ធភាព៕