Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ រៀបចំពិធីស្រង់ព្រះ ស្រោចស្រពសុគន្ធវារី និងចែកអំណោយជូនដល់ លោកយាយលោកតា៥០០នាក់

27-04-2016 14:16

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងព្រះគ្រូគន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង បានរៀបចំពិធីស្រង់ព្រះ ស្រោចស្រពសុគន្ធវារី ប្រគេនព្រះសង្ឃ និងជូនដល់លោកតា លោកយាយ៥០០នាក់ ក្នុងឱកាសពិធីខួបគម្រប់២០ឆ្នាំ នៃការកកើតវត្ត ធុតង្គចំការដូង និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានកន្លងផុតទៅថ្មីៗនេះ ក្នុងវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។  

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបានលើកឡើងថា នេះជាការបង្ហាញអំពីការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដល់ចាស់ព្រឹទ្ធាចារ្យ និងបំពេញបុណ្យកុសល សម្រាប់ចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០។

លោកក៏បានបន្ដថាជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ តែងធ្វើពិធីស្រង់ព្រះ ព្រះសង្ឃ ឪពុក ម្តាយ ជីដូន ជីតា ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណទាំងអស់ ដើម្បីជម្រះមន្ទិលសៅហ្មង ទាំងផ្លូវកាយ វាចា ចិត្ត និងសុំពរជ័យពីអ្នកមានគុណទាំងនោះ ដើម្បីប្រោះព្រំកូនចៅ ក្នុងឱកាសឆ្នាំថ្មី ឲ្យជួបតែសុភមង្គល សិរីសួស្តីជាដើម។ ក្រៅពីពិធីស្រោចទឹក លោកអភិបាលខណ្ឌ និងព្រះគ្រូ គន្ធធុតង្គ សឿ ហេង ចៅអធិការវត្តធុតង្គចំការ បានឧបត្ថម្ភជូនដល់លោកយាយ លោកតា ដែលបានចូលរួម៥០០នាក់ ក្នុងម្នាក់ទទួលបាន មី៧កញ្ចប់ តែ៣កញ្ចប់ ស្ករស១កញ្ចប់ ទឹកដោះគោ១កំប៉ុង ទៀនធូប និងថវិកា១ម៉ឺនរៀល៕