Update: ករណីបង្ខាំងក្មេងស្រី នៅក្នុងភូមិគ្រឹះ ខណ្ឌជ្រោយចង្វារ កម្លាំងអាវុធហត្ថសម្រេចឃាត់ខ្លួនមនុស្ស៣នាក់ និងជួយសង្គ្រោះក្មេងស្រី១២នាក់
27-04-2016 14:13
(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំរួចមក ទីបំផុតកម្លាំងអាវុធហត្ថ បានសម្រេចឃាត់ខ្លួន ជនសង្ស័យ៣នាក់ (មេកាម្នាក់ និងគ្រូជនជាតិខ្មែរ-ថៃ២នាក់) ពាក់ព័ន្ធនឹងការចាប់បង្ខាំង ក្មេងស្រីចំនួន១២នាក់ ស្ថិតនៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្រុម៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ដើម្បីបង្ហាត់បង្រៀនផ្នែកម៉ាស្សា រួចប៉ងនាំទៅកាន់ប្រទេសថៃ។
ប្រតិបត្តិការបំបែកករណីនេះ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ និងកម្លាំងអាវុធហត្ថការិយាល័យ ប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ សហការជាមួយអង្គការក្តីសង្ឃឹម និងយុត្តិធម៌ អង្គការ IGM សង្គមកិច្ចក្រុង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
លោក សៀង សុខ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះថា «នៅពេលនេះ យើងបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ យកមកសាកសួរសិន ថាតើជាប់ពាក់ព័ន្ធ ករណីជួញដូរក្មេងស្រីទាំងនេះឬទេ?»។
មន្រ្តីអាវុធហត្ថបានប្រាប់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានជួយសង្គ្រោះក្មេងស្រី មិនទាន់គ្រប់អាយុចំនួន១២នាក់ ដែលត្រូវបានគេយកទៅឲ្យធ្វើការរៀនម៉ាស្សា ហើយប្រុងនាំទៅកាន់ប្រទេសថៃ ដើម្បីបម្រើការងារនៅទីនោះ។ នៅល្ងាចថ្ងៃម្សិលមិញ កម្លាំងអាវុធហត្ថបានចុះឡោមព័ទ្ធ និងចូលឆែកឆេរនៅក្នុងភូមិគ្រឹះមួយនេះ ចំពោះករណីបង្ខាំងមនុស្សខុសច្បាប់ ក្រោយពីមានពាក្យបណ្តឹងពីសាច់ញាតិក្មេងស្រីម្នាក់ឈ្មោះ សំ ណាងស្រីភីន អាយុ១៥ឆ្នាំ៕