(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា ចម្លើយរបស់ កញ្ញា ធី សុវណ្ណថា បានធ្វើឱ្យមានប្រយោជន៍ដល់ការស៊ើបអង្កេត លើបុគ្គលពាក់ព័ន្ធផ្សេងទៀត។
ការអះអាងរបស់មន្រ្តីតុលាការរូបនេះ បានធ្វើឡើងបន្ទាប់ពី កញ្ញា ធី សុវណ្ណថា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញបណ្តឹងរបស់នាង ដែលបានប្តឹង លោក កឹម សុខា ពីបទបរិហារកេរ្តិ៍នាង តាមរយៈសំឡេងខ្សែអាត់ដែលបានធ្លាយកន្លងមក។
លោក លី សុផាណា បានឱ្យដឹងយ៉ាងដូច្នេះថា «តំណាងអយ្យការបានបញ្ចប់ការស្តាប់ចម្លើយ កញ្ញា ធី សុវណ្ណថា ដោយទទួល បាននូវលទ្ធផលដែលមានប្រយោជនន៍ដល់ការស៊ើបអង្កេតបន្តលើបុគ្គលដែលពាក់ព័ន្ធ»។
សូមបញ្ជាក់ថា កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយនៅក្នុងទំព័រ Facebook «រឿងពិត CNRP» និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ នាងប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារ។
នៅក្នុងខ្សែអាត់សំឡេងនោះនាងចោទ លោក កឹម សុខា ដែលបានសន្ទនាជាមួយនារី ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយបរិហារកេរ្តិ៍របស់នាងថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និងបោកយកលុយ ពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ កញ្ញា ធី សុវណ្ណថា បានចាត់ទុកការលើកឡើងនេះថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់នាង។
កញ្ញា ធី សុវណ្ណថា បានអះអាងប្រាប់អ្នកសារព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសាកសួរថា នាងប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គឺដើម្បីឱ្យគាត់ មានការរាងចាល មិនបរិហារទៅលើនារីដទៃទៀត៕