(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ពលករខ្មែប្រុសស្រីចំនួន ៦នាក់ស្លាប់ និង៨នាក់ រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ក្រឡាប់រថយន្ត កាលពី៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចអូរកោះណយ ក្បែផ្លូវបំបែកក្នុងទីប្រជុំជនមួយកន្លែងស្ថិតក្នុងឃុំខូតប៉ាយ ស្រុកផានថង ខេត្តឆុនបុរី (ប្រទេសថៃ)។
តាមប្រភពព័ត៌ពីប្រទេសថៃបានប្រាប់ភ្នាក់ងារFresh News ថាពលករខ្មែរប្រុសស្រីចំនួន៦នាក់ និង៨នាក់រងរបួសធ្ងន់ស្រាល ខណះពេលទៅរកការងារធ្វើ ពេលដល់ចំណុចកើតស្រាប់តែរថយន្ត រេចង្កូតធ្លាក់ចូលទៅក្នុងអូរ បន្ទាប់ពីអ្នកបើកបរបានបើករត់គេចពីក្រុមតម្រួត។
សមត្ថកិច្ចឈរជើងនៅក្នុងស្រុកផានថង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តToyota VIGO មួយគ្រឿងបានបើកបរឆ្លង កាត់ទីតាំងឈរជើងរបស់ក្រុមតម្រួត ដោយនៅពេលនោះដែរកំលាំងបានឃាត់រថយន្ត អោយឈប់ដើម្បីធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរ ព្រោះមួយរយៈនេះមានពលករ ឆ្លងដែនខុសច្បាប់ជាច្រើនបានជ្រៀតចូលទៅរកការងារធ្វើនៅក្នុងទីក្រុងបាងកក និងខេត្តឆុនបុរី ទើបមានការរឹតបន្តឹងបែបនេះ។ សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះដែរដោយគ្រាន់តែឮថា សុំត្រួតពិនិត្យទៅលើអ្នកដំណើរស្រាប់តែអ្នកបើកបរដែលជាជនជាតិថៃ បានបន្ថែមល្បឿនយ៉ាងលឿនទើបធ្វើអោយបាត់បង់ម្ចាស់ការ ហើយបានរេបង្កូតធ្លាក់ចូលទៅក្នុងអូរតែម្តង។ បើចម្លើយសារភាពពីអ្នកបើកបរឈ្មោះ ប៊ុនយ៉ារិទ្ធិ ពេជ្របុណ្យ បាននិយាយថា ខ្លួនបើកបរចេញពីខេត្តស្រះកែវឆ្ពោះទៅកាន់ទីក្រុងបាងកកមែន ប៉ុន្តែលុះខេត្តឆុនបុរីក៏ត្រូវកំលាំងតម្រួតឃាត់រថយន្តដើម្បីត្រួតពិនិត្យទៅលើអ្នកដំណើរ ដោយមានការភ័យខ្លាចទើបខ្លួនបានបន្ថែមល្បឿនដើម្បីគេចអោយផុតពីក្រុមតម្រួតតែបែរជាត្រូវរេចង្កូតធ្លាក់ទៅក្នុងអូរតែម្តង។
ក្រោយពេលកើតហេតុអ្នករងរបួសចំនួន៨នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យថៃដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ រីឯសព គេមិនទាន់ដឹងថាជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តណានោះទេហើយក៏មិនទាន់ដឹងអំពីអត្តសញ្ញាណផងដែរ។ សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះភ្នាក់ងារFresh News ព្យាយាមទាក់ទងតាមរយៈទូរស័ព្ទទៅអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវតែមិនអាចទាក់ទង់បាននៅឡើយទេ៕