(រតនគីរី)៖ លោក យ៉ុន ប៊ុនហ៊ាង អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ស៊ីម គឹមស្រ៊ន់ អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលត្រូវជាជីដូន និងជីតា ចៅៗទាំង៥នាក់ ដែលត្រូវកូនប្រសារប្រុស ឈ្មោះ រៀង ឧត្តម ចោទប្រកាន់ថា រៀបចំគម្រោងប្តឹងយកទ្រព្យសម្បត្តិ រួមមានដី ផ្ទះ ហើយធ្វើឲ្យរូបលោកព្រាត់ប្រាសគ្រួសារកូនចៅនោះ នៅថ្ងៃទី២៧ ខែមេសានេះ បានចេញមុខបកស្រាយ ថាដោយបានច្រានចោល ការចោទប្រកាន់របស់កូនប្រសារ ឥតខាន់ស្លារបស់ពួកគាត់ថាជារឿង មិនពិតឡើយ។

តាយាយទាំងពីរនាក់ បានប្រាប់ដំណើររឿងឲ្យដឹងថា លោក រៀង ឧត្តម មន្ត្រីនគរបាលខេត្ត (កូនប្រសារ) បានទៅសុំស្នាក់នៅជាមួយ បងប្រុសឈ្មោះ រៀង ពិសិដ្ឋ ហៅជាទង់ មន្ត្រីពន្ធនាគារខេត្តរតនគិរី និងបងថ្លៃឈ្មោះ ហ៊ាង ធាវី មានកូនបីនាក់ក្នុងបន្ទុក។

លុះក្រោយមក លោក រៀង ឧត្តម បានលួចស្រលាញ់បងថ្លៃឈ្មោះ ហ៊ាង ធាវី (ក្បត់បងប្រុស) មានកូនពីរនាក់ថែមទៀត ប៉ុន្តែឈ្មោះ ហ៊ាង ធាវី បានស្លាប់ ខណៈពេលដែលកំពុងសំរាលកូនទី២ (ប្តីក្រោយ រៀង ឧត្តម) ប៉ុន្តែពុំមានចុះសំបុត្រអាពាណ៍ ពិពាហ៍តាមច្បាប់នោះទេ។

តាយាយពីរនាក់ប្តីប្រពន្ធ ខាងលើបា្រប់បន្តទៀតថា ក្រោយពីកូនស្រីគាត់ស្លាប់ (ហ៊ាង ធាវី) បានបន្សល់ទុកចៅចំនួន៥នាក់ (ប្តីមុន-ប្តីក្រោយ) ជាបន្ទុករបស់គាត់ ដោយមើលឃើញការលំបាក នោះគាត់បានកាត់ដីក្បាលចំនួន១៥ម៉ែត្រ និងបណ្តោយទៅក្រោយជាង៤០ម៉ែត្រ ឲ្យទៅលោក រៀង ឧត្តម។ ប៉ុន្តែលោក រៀង ឧត្តម មានការលោភលន់នោះ បានធ្វើការប្តឹងផ្តល់ក្រុមគ្រួសារគាត់តាំងពីសាលាដំបូង ខេត្តរតនគិរី រហូតដល់សាលាឧទ្ទរណ៍ ប្រឆាំងទៅនឹងដីកេរ្ត៍របស់គាត់ទាំងអស់ យកទៅធ្វើជាកម្មសិទ្ធិគាត់ទៅវិញ។
 
តាយាយបន្តឲ្យដឹងទៀតថា ដីរបស់គាត់នៅសល់ពីការចែកជូន ក្រុមគ្រួសារលោក រៀង ឧត្តម បានយកទៅបញ្ចាំនៅធនាគារដើម្បីយកលុយ មករកស៊ី។ រហូតមកដល់ពេលនេះ គាត់ជំពាក់ធនាគារវ័នក ព្រោះការប្រាក់ចេះកើនឡើង ហើយគាត់ចង់យកដីកម្មសិទ្ធិយកទៅលក់ សងបំណុលធនាគារ ប៉ុន្តែត្រូវបានលោក រៀង ឧត្តម បឹ្តងជំទាស់រហូតធ្វើរូបគាត់ ដែលមានវ័យកាន់តែចាស់ ទឹកភ្នែករាល់ថ្ងៃ។
 
បើតាមមន្ត្រីសាលាដំបូងខេត្តរតនគិរី បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែមេសានេះថា យោងតាមការស៊ើបអង្កេតជាយូរមកហើយ និងមានភ័ស្តុតាង សក្សីគ្រប់គ្រាន់នោះ សាលាដំបូងបានចេញដីការរក្សាការពារ ជូនគ្រូសារគាត់ សាលក្រមលេខ០៨ “គ” ចុះថ្ងៃទីចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។ ប៉ុន្តែភាគីខាងលោក រៀង ឧត្តម នៅតែមិនសុខចិត្តបានប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ទៀត។

សាលាឧទ្ធរណ៍បានចេញដីកាសម្រេច សំណុំរឿងរក្សាការពារ លេខ២៩១/០៧-១២-២០១៥ និងដីកាសម្រេចលេខ ០១ក្រVIឃ.ដកស ចុះថ្ងៃទី២១ -០១-២០១៦ ឲ្យទៅក្រុមគ្រួសារអ៊ំប្រុស-ស្រី ដូចដីការក្សាការពាររបស់សាលាដំបូងដដែល ដើម្បីលក់យកលុយសងធនាគារ និងសល់ខ្លះទៀត ដើម្បីចិញ្ចឹមចៅទាំង៥នាក់។

ដោយឡែក លោកវរសេនីយ៍ត្រី រៀង ឧត្តម ត្រូវជាកូនប្រសាររបស់យាយតា ខាងលើធ្លាប់បានអះអាងថា ខ្លួនជាជនរងគ្រោះក្នុងសំណុំរឿង ខាងលើនេះ ដោយត្រូវប្រពន្ធស្លាប់ចោល ហើយរងគ្រោះជាមួយ កូនប្រុសស្រី៥នាក់។ លោកបានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះ ហ៊ាង ធារី បានរស់នៅជាមួយគ្នា នៅដើមឆ្នាំ២០១២ ដោយប្រពន្ធរបស់លោក ជាស្ត្រីមេម៉ាយ មានកូន៣នាក់ (កូនមុន)។ លោកនិងប្រពន្ធមានកូន ២នាក់ ដោយកូនចុងក្រោយ ប្រពន្ធរបស់លោកបានស្លាប់ ដោយសារឆ្លងទន្លេនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយកាលប្រពន្ធលោក មិនទាន់ស្លាប់ បានទិញផ្ទះ និងដីពីរកន្លែងដោយផ្ទះ មួយកន្លែង នៅទីក្រុងភ្នំពេញ នៅផ្លូវលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឲ្យកូនទាំង៣នាក់របស់គាត់ (កូនមុន) ស្នាក់នៅ និងដីផ្ទះមួយកន្លែងនៅខេត្តរតនគិរី។

លោកថា ដី និងផ្ទះទាំង២កន្លែងនេះ ប្រពន្ធរបស់លោកមិនបាន ដាក់ឈ្មោះខ្លួនឯងទេ គឺដាក់ឈ្មោះប្អូនបង្កើត ឈ្មោះ ហ៊ាង លាងឆេង (ដីនៅរតនគិរី) និងដាក់ឈ្មោះឪពុកមា ឈ្មោះ ស៊ីម យូសៀង (ផ្ទះនៅភ្នំពេញ) ដោយការដាក់ឈ្មោះនេះ ដើម្បីអាចឲ្យអ្នកទាំងពីរនាក់ នោះមានលទ្ធភាពអាចយកប្លង់ ទៅខ្ចីលុយធនាគារ។ ប៉ុន្តែចាប់ពីពេលប្រពន្ធ របស់លោកស្លាប់ទៅ ស្រាប់តែប្អូនប្រុសបង្កើត របស់ប្រពន្ធលោក និងឪពុកមា ទាំងពីរនាក់នោះ យកផ្ទះ និងដីទៅប្រគល់ឲ្យឪពុកម្តាយក្មេករបស់លោក នឹងបានដេញកូនទាំង៣នាក់ ចេញពីផ្ទះនៅភ្នំពេញ រហូតដល់គ្មានកន្លែងជ្រកកោន ដើរជួលផ្ទះគេរស់នៅ និងទៅនៅជាមួយគេផងដែរ។ លើសពីនេះក្រុមគ្រួសារ នោះមិនអស់ចិត្ត បានប្តឹងទៅតុលាការ ខេត្តរតនគិរី ដើម្បីចង់រឹបអូសដីផ្ទះ ដែលលោកនឹងគ្រួសារកំពុង រស់នៅជាមួយកូនៗថែមទៀត។  

លោក រៀង ឧត្តម បានរៀបរាប់បន្តទៀតថា ក្នុងរឿងក្តីក្តាន់នេះតុលាការបាន ចេញដីការក្សាការពារ នូវទ្រព្យសម្បត្តិនោះ ហើយលោកបាន ប្តឹងឡើងដល់តុលាការកំពូល ដើម្បីជួយរកយុត្តិធម៌ផងដែរ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ស្រាប់តែមាន ការអនុវត្តន៍សាលក្រម លើសុំណុំរឿងលេខ ៣១ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ របស់លោក ដោយបានធ្វើការរឹបអូសផ្ទះសំបែង និងដីធ្លីរបស់លោកនៅខេត្តរតនគីរី ធ្វើឲ្យលោក និងកូនៗ គ្មានផ្ទះសំប្បែងជ្រក ដើររកជួលផ្ទះគេនៅទៅវិញ។

មន្ត្រីនគរបាលរូបនេះបន្ថែមទៀតថា មិនត្រឹមតែចង់បានផ្ទះនៅភ្នំពេញ និងផ្ទះដីនៅរតនគិរីប៉ុណ្ណោះទេ ឪពុកម្តាយក្មេកចិត្តខ្មៅរបស់លោកថែម ទាំងបានប្តឹង ទាមទារយកដី៥កន្លែងផ្សេងទៀត ដែលលោក និងប្រពន្ធបានទិញ នៅក្នុងខេត្តរតនគិរី មកធ្វើជាកម្មសិទ្ធិរបស់ពួកគាត់ ថែមទៀត ដែលដីទាំង៥កន្លែងនោះ មានដីលោកទិញដាក់ឈ្មោះខ្លួនឯង ដីដាក់ឈ្មោះទាំងពីរនាក់ ប្តីប្រពន្ធ និងដីដែលដាក់ឈ្មោះតែប្រពន្ធ របស់លោកម្នាក់ឯងផងដែរ ប៉ុន្តែឪពុកម្តាយក្មេករបស់លោក នៅតែចង់បានដោយមិនគិត ចៅៗរបស់គាត់ភ្នែកខ្មៅ ដែលគ្មានទីជម្រកឡើយ ហើយលោបានអះអាងថា អ្វីដែលលោកបាននិយាយនេះ សុទ្ធតែជាការពិត៕