(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំអភិបាល ស្រុកអូររាំងឪ មេឃុំ មន្ទីររៀបចំដែនដី ភូមិបាលស្រុក និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋានតែម្តងចំនួន១០ភូមិ នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ និងតាមតម្រូវការរបស់គាត់។
លោក ហាក់ សុខមករា បានថ្លែងប្រាប់អង្គភាព Fresh News ថា «យោងតាមប្រសាសន៍ណែនាំពី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិបាលខេត្ត លើការងារធ្វើយ៉ាងណា ជំរុញនៃការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមមូលដ្ឋាននោះ នៅថ្ងៃនេះ យើងបានចុះមកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីប្រគល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ យកទៅប្រើប្រាស់ជាផ្លូវការតាមទិសដៅណាមួយ»។
ស្ថិតនៅចំពោះមុខ ប្រជាពលរដ្ឋទាំងនោះ និងបង្ហាញពីភាពស្និតស្នាលយ៉ាងខ្លាំង លោក ហាក់ សុខមករា ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំនោះ លោកបានណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋត្រូវ ចេះថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យបានល្អប្រសើរ ជៀសវាងបាត់បង់ និងខូចខាត ទុកជាប្រយោជន៍សម្រាប់បម្រើនូវសេចក្តីត្រូវការផ្សេងៗ។ លោកអភិបាលរងខេត្ត បានលើកឡើងថា អាជ្ញាធរ និងមន្រ្តីជំនាញ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបចំពោះអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាដែលបានដាក់ទិសដៅឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិពន្លឿនកិច្ចការងារទាំងនេះ ជូនប្រជាពលរដ្ឋរបស់ខ្លួន៕