Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអាដហុកមួយចំនួនបានចូលបំភ្លឺ នៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណី ស្រីមុំ

27-04-2016 11:41

(ភ្នំពេញ)៖ មន្រ្តីអាដហុកមួយចំនួនបានចូលបំភ្លឺ តាមការកោះអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ នៅអង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការចូលបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ មានអ្នកចូលគាំទ្រ និងឃ្លាំមើលចំនួន២០នាក់ ពាក់ព័ន្ធនិងការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

កាលពីពេលថ្មីៗនេះ លោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីរឿងអាស្រូវ ស្រីមុំ ក្នុងនោះ មានមន្រ្តីសមាគមអាដហុកចំនួន៥នាក់ផងដែរ រួមមាន៖លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វង្សដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក, លោកស្រី ទ្រី ឈូនមេធាវីជាដើម។

ក្រៅពីនោះ ក៏មានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕