(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្តាល បានផ្អាកអាជីវកម្មជីកដីមួយកន្លែងរបស់ឈ្មោះ រដ្ឋា ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តនូវបទល្មើសអាជីវកម្មរ៉ែ និងការដឹកជញ្ជូនលើសទម្ងន់ដែលបានច្បាប់កំណត់។ ទីតាំងនេះស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ពេលដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មខាងលើ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់លោក រដ្ឋា ត្រូវប្រមូលឯកសារពាក់ព័ន្ធនានា មកបង្ហាញជូនក្រុមការងារចម្រុះ ហើយចំពោះរថយន្តដែលល្មើសត្រូវរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។

ទន្ទឹមនឹងនោះ អភិបាលរងខេត្ត បានស្នើដល់ម្ចាស់អាជីវកម្មរណ្ដៅដី និងអ្នកបើកបររថយន្តដឹកដី ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ផ្លូវថ្នល់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត។ ការដឹកជញ្ជូនត្រូវមានតង់គ្របឱ្យបានត្រឹមត្រូវ ជៀសវាងមានការជ្រុះធ្លាក់នៅលើផ្លូវ ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោកក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរអារ៉ែ និងថាមពល និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយម្ចាស់រណ្ដៅដី មហារដ្ឋា ត្រេដឌីង ដើម្បីអនុវត្តតាមនីតិវិធី ហើយបានស្នើដល់ម្ចាស់រណ្ដៅដី ត្រូវសហការជាមួយក្រុមការងារចម្រុះខេត្ត ដោយយកនូវឯកសារពាក់ព័ន្ធបង្ហាញដល់ក្រុមការងារ ដោយមិនឱ្យហួសរយៈពេល១៥ ថ្ងៃ គិតចាប់ពីថ្ងៃចុះពិនិត្យនេះតទៅ។

គួរជម្រាបថា បន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះបានរកឃើញថា រថយន្តចំនួន ៤ គ្រឿង ដែលបានដឹកចេញពីរណ្ដៅដី មហារដ្ឋា ត្រេដឌីង មានការដឹកលើសទម្ងន់ ដែលបណ្ដាលឱ្យខូចខាតផ្លូវមួយចំនួន ហើយអ្នកបើកបររថយន្ត ក៏បានទទួលស្គាល់ថា រថយន្តរបស់ខ្លួនពិតជាដឹកលើសទម្ងន់ពិតប្រាកដមែន។

ក្នុងនោះដែរ តំណាងរណ្ដៅដី មហារដ្ឋា ត្រេដឌីង បានបង្ហាញនូវអាជ្ញាប័ណ្ណមិនគ្រប់គ្រាន់ ទាក់ទងទៅនឹងការជីករណ្ដៅដីជាក់ស្ដែង ដែលមានទំហំប្រមាណជា ១៥ ហិកតា ត្រង់ចំណុចអាងមេទឹកប្រមូលខ្លា ស្ថិតនៅភូមិអញ្ច្រែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បន្ទាប់ពីពិនិត្យជាក់ស្ដែង ក្រុមការងារចម្រុះខេត្ត បានសម្រេចផ្អាកការជីកអាចម៍ដី និងដឹកជញ្ជូនដីជាបណ្ដោះអាសន្ន ដោយបានធ្វើការរក្សាទុកគ្រឿងចក្រចំនួន ២ និងរថយន្តចំនួន ៤ គ្រឿង ដែលល្មើសអាជីវកម្មរ៉ែ និងរថយន្តចំនួន ៤គ្រឿង ដែលដឹកលើសទម្ងន់៕