(កំពង់ធំ)៖ អភិបាលស្រុកស្ទោង ខេត្តកំពង់ធំលោក ព្រឹម រដ្ឋា បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ត្រីជាង៦៥តោនហើយដែលបានងាប់អណ្តែតទឹក នៅតំបន់អភិរក្សបឹងទន្លេឆ្មា ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក និងទឹកកាន់តែគោករាក់ ហើយកន្លែងខ្លះអាចលេងបាល់ទាត់ថែមទៀតផង។
លោក ព្រឹម រដ្ឋា បានបញ្ជាក់ថា «យើងបានមកដល់ទីនេះ តាំងពីយប់មកម្ល៉េះជាមួយមន្រ្តីជំនាញជលផល បរិស្ថាន និងសហគមន៍នេសាទ ហើយសម្រាប់វិធានការវិញ គឺយើងបានយករុក្ខជាតិកំប្លោក ដាក់ចូលនៅកន្លែងដែលមានទឹក សម្រាប់ជាជម្រកត្រី ដែលជាលទ្ធផល ក្រោយដាក់កំប្លោករួច ឃើញថា មិនមានត្រីងាប់អណ្តែតទឹកទៀតឡើយ»។
លោកអភិបាលស្រុកបានបន្តទៀតថា តំបន់ដែលត្រូវដាក់រាយកំប្លោកនោះមានទំហំប្រមាណ២ , ៥ហិកតា ក្នុងចំណោមផ្ទៃបឹងអភិក្សនេះចំនួន៨៣២៥ហីតា។
សូមបញ្ជាក់ថា មានសេចក្តីរាយការណ៍ ពីករណីត្រីរាប់សិបក្បាល បានងាប់អណ្តែតទឹក ស្ថិតនៅក្នុងតំបន់អភិរក្ស បឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ដែលមូលហេតុជាជំហានដំបូង អាចបណ្តាលមកពីទឹកចាប់ផ្តើមរាក់ ហើយក្តៅខ្លាំង តាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានប្រាប់ Fresh News ថា «ត្រីកំពុងងាប់អស់យ៉ាងច្រើន ដោយសារទឹករាក់គោកនៅសល់ប្រហែល ២ទៅ៣តឹកប៉ុណ្ណោះ ហើយនៅពេលនោះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានការពារមិនឲ្យប្រជាពលរដ្ឋចូលទៅតំបន់នោះឡើយ ពីព្រោះបើចូលអាចអន្តរាយលឿនបំផុត ដោយសារខ្លាចពុលត្រីកាន់តែខ្លាំង និងអស់ពូជត្រី»៕