(វ៉ាស៊ីនតោន)៖ ស្របពេលដែលកម្លាំង និង ទឹកដីរបស់ខ្លួនកំពុងតែថមថយនោះ ក្រុមសកម្ម ប្រយុទ្ធ ISIS ក៏បានទទួលរងនូវភាពឈឺចាប់ ខ្លាំងថែមទៀត ដោយសារតែហិរញ្ញវត្ថុដ៏សំខាន់ សរុបជាង ៨០០លានដុល្លារត្រូវអាមេរិកបំផ្លាញខ្ទេចអស់ ដោយសារតែការទម្លាក់គ្រាប់បែក។ នេះបើតាមការផ្សាយរបស់ BBC ចេញផ្សាយ។
លោក Peter Gersten មន្ត្រីយោធាអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ បានបន្ថែមទៀត ថា កងទ័ពអាកាសអាមេរិក កាលពីពេល ថ្មីៗនេះបានធ្វើការកំណត់ទីតាំង ស្តុកហិរញ្ញវត្ថុដ៏ធំមួយ របស់ពួកភេរវករ ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ រួចអាមេរិកក៏បានទម្លាក់គ្រាប់បែក ទៅលើធនាគារ សម្ងាត់នោះ។ អាមេរិកបានបញ្ជាក់ថា វាជាហិរញ្ញវត្ថុរបស់ ISIS ក្នុងចំនួនដ៏សម្បើម ហើយ ការបំផ្លាញបន្ថែមទៀតនេះ បានធ្វើឲ្យការផ្តល់ហិរញ្ញវត្ថុទៅកាន់ក្រុមនេះធ្លាក់ចុះ ៩០ភាគរយ។
គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ ២០១៤ រតនាគារជាតិអាមេរិកបានហៅក្រុម ISIS ថាជាក្រុមដែល ទទួលបានជំនួយច្រើន និង ជាប់លាប់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ដោយហេតុនេះហើយ ទើបអន្តរជាតិងាកមកប្រើប្រាស់យុទ្ធសាស្ត្របន្ថែម ដើម្បីកម្ចាត់ក្រុម ISIS តាមរយៈការកាត់ផ្តាច់ប្រភពផ្តល់ជំនួយផង និង ការវាយប្រហារសង្គ្រប់ពីកងទ័ពសម្ព័ន្ធមិត្តផង៕