(កំពង់ចាម)៖ ដោយទទួលបាននូវការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការយកចិត្តទុកដាក់ជាអាទិភាព ចំពោះបញ្ហាខ្វះទឹកបង្កឡើងដោយភាពរាំងស្ងួត និងការឡើងកំដៅ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយ ខេត្តកំពង់ចាម រួមជាមួយនឹងប្រធានក្រុមការងារចុះជួយក្រុង ស្រុកនៃខេត្តកំពង់ចាម បានរៀបចំការប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់អំពីស្ថានភាពទឹក នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ខែ មេសា ឆ្នាំ២០១៦នេះ។
លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ថានភាពទឹកប្រើប្រាស់នៅគ្រប់ក្រុង-ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាមទាំងមូល មិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរ នៅឡើយទេ មកដល់ពេលនេះ តែប្រសិនបើភាពរាំងស្ងួត នៅតែបន្តក្នុងរយៈពេលប្រមាណ១៥ថ្ងៃ ខាងមុខទៀតនេះ នោះទើបអាចមានបញ្ហា។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តបាននិងកំពុងត្រៀមរួចរាល់ខ្លះហើយ នូវឧបករណ៍ សម្ភារ ដូចជាធុងស៊ីទែនទឹក ឡានទឹក អណ្តូងទឹក ម៉ាស៊ីនបូមទឹក និងកម្លាំងបច្ចេកទេសមួយចំនួនធំ សម្រាប់ឆ្លើយតប ទៅនឹងបញ្ហាខ្វះទឹក ដែលអាចនឹងកើតមានឡើងនាពេលខាងមុខ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភ ដ៏ថ្លៃថ្លាជាថវិកាចំនួន ៥០លានរៀល តាមរយៈគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្នុងន័យជួយដល់ប្រជាពលរដ្ឋប្រឈម នឹងភាពនឹងការខ្វះទឹក។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានសង្កត់ធ្ងន់ដល់លោកអភិបាលក្រុង ស្រុកទាំងអស់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតែឧស្សាហ៍ចុះមូលដ្ឋាន ដើម្បីតាមដានក្តាប់ព័ត៌មាន អំពីស្ថានភាពទឹកនៅគ្រប់មូលដ្ឋាន ក្នុងខេត្តកំពង់ចាម ដើម្បីឆ្លើយតបជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕