(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួនជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥២៤នាក់មកពីភូមិ ខ្នងក្រពើលិច និងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានយកញត្តិ មកដាក់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំកាមន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានយល់ព្រមត្រឡប់ទៅលំនៅដ្ឋានវិញហើយ ក្រោយពីពួកគេបានដាក់ញត្តិជូនក្រសួងរួចមក។
មន្រ្តីក្រសួងរៀបចំដែនដី បានថ្លែងប្រាប់ Fresh News ថា ខាងក្រសួងនឹងជូនដំណឹង ទៅកាន់ប្រជាពលរដ្ឋវិញ នៅល្ងាចថ្ងៃដដែលនេះ អំពីដំណោះស្រាយបញ្ហារបស់ពួកគាត់ ហើយក្រសួងបានយល់ព្រមយកមកដោះស្រាយ ជូនពួកគាត់ ពីព្រោះក្រសួងមានសមត្ថកិច្ចលើកិច្ចការងារនេះ។
ខណ:ដែលប្រជាពលរដ្ឋជាង១០០ យកញត្តិមកតវ៉ា និងប្រមូលផ្តុំនៅខាងមុខក្រសួងនោះ គេសង្កេតឃើញថា មានវត្តមានថ្នាក់ដឹកនាំមួយចំនួន នៅក្នុងគណ:កម្មការទទួលញត្តិ និងពាក្យបណ្តឹងរបស់អ្នកតវ៉ា ដឹកនាំដោយលោក សេង ឡូត អគ្គនាយករដ្ឋបាលចេញមកទទួលញត្តិពីពួកគាត់។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក សេង ឡូត បានប្រាប់ថា បើសិនប្រជាពលរដ្ឋ នៅតែធ្វើដំណើរយកញត្តិ ទៅដាក់នៅរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនោះ ខាងក្រសួងនឹងមិនទទួលញត្តិនោះឡើយ តែក្រោយការពិចារណា និងពិភាក្សាគ្នារួចមក ក្រុមប្រជាពលរដ្ឋទាំងនេះ បានយល់ព្រមមិនធ្វើការដង្ហែក្បួនទៅកាន់រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តីនោះទេ។
ជាមួយគ្នានេះ មន្រ្តីក្រសួងរៀបចំដែនដី ក៏បានឆ្លើយតបជាមួយព័ត៌មាន នៅព្រឹកមិញថា តាមពិតប្រជាពលរដ្ឋទាំងនេះគឺធ្វើដំណើរមកតវ៉ាដោយខ្លួនឯង ហើយពេលមកដល់មុខក្រសួងនោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង ក៏មិនបានប្រាប់ឲ្យប្រជាពលរដ្ឋចូលជួបនោះទេ គឺមានក្រុមមន្រ្តីគណ:កម្មការទទួលញត្តិ និងពាក្យបណ្តឹងប្រជាពលរដ្ឋជាអ្នកចេញមកទទួល។
តំណាងប្រជាពលរដ្ឋបាននិយាយថា ជម្លោះដីធ្លីនេះ បានកើតឡើងនៅក្នុងរង្វង់ដី ចំនួន២៩ហិកតា ដែលប្រជាពលរដ្ឋថា ខាងអាជ្ញាធរខេត្តបានដកហូតយក៕