(ភ្នំពេញ)៖ ក្នុងរយៈពេល២ថ្ងៃ នាឱកាសបើកវគ្គបណ្ដុះបណ្ដាលពង្រឹង សមត្ថភាពជំនាញស្ដីពីនីតិវិធីស៊ើបអង្កេតប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៥ ខែមេសា ម្សិលមិញ ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះហើយ ក្រោមវត្តមានលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ក្នុងភោជនីយដ្ឋានទន្លេបាសាក់២ ។
ការបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើ បានលើកឡើងថា «បច្ចុប្បន្នប្រទេសកម្ពុជា យើងមានស្ថេរភាពនយោបាយ និងសន្តិសុខល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុន្តែអ្វីដែលមានការប្រឈមនោះ គឺបញ្ហាអភិវឌ្ឍន៍ និងការស្ដារសេដ្ឋកិច្ចជាតិ។ យើងមិនអាចទទួល ជោគជ័យបានទេ ប្រសិនបើកម្លាំងសមត្ថកិច្ចមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់ ដើម្បីការពារសុខមាលភាព និងសុវត្ថិភាពជូនប្រជាជនឱ្យបានល្អប្រសើរ»។
យោងតាមលិខិតរបស់ប្រធាននាយកដ្ឋានខាងលើ បានឱ្យដឹងថា គោលបំណងក្នុងវគ្គបណ្ដុះបណ្ដាលនេះរួមមាន៖ ទី១៖ ចូលរួមទប់ស្កាត់ជម្ងឺ គ្រុនចាញ់ និងផ្សព្វផ្សាយពីបញ្ហនេះដល់ប្រជាពលរដ្ឋ។ ទី២៖ ចូលរួមអភិវឌ្ឍធនធានមនុស្សទាំងក្នុងវគ្គបណ្ដុះបណ្ដាល និងបន្តផ្សព្វផ្សាយ ទៅមូលដ្ឋាន។ ទី៣៖ លើកទឹកចិត្តដល់មន្រ្តីមានស្នាដៃ ដែលអនុវត្តការងារនេះ។ ទី៤៖ មន្រ្តីដែលបំពេញភារកិច្ចនេះ ត្រូវម្ចាស់ការក្នុងការអនុវត្ត និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានល្អ និងទី៥៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
បន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលរួចមក សិក្ខាកាមបានទទួលនូវចំណេះដឹង និងបទពិសោធន៍ល្អថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្ត ភារកិច្ចរបស់ខ្លួន និងចែករំលែកបទពិសោធន៍នេះ ដល់យុទ្ធមិត្តរួមការងារបន្ត ព្រមទាំងបានអរគុណដល់ក្រុមការងារ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាល នេះដោយរលូន និងបញ្ចប់ជាស្ថាពរប្រកបដោយជោគជ័យ៕