(ភ្នំពេញ)៖ ប្រធានគណៈមេធាវី នៃកម្ពុជា លោក ប៊ុន ហុន មើលឃើញថា ករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ធ្វើឲ្យមានមន្ទិលសង្ស័យពីការបំពានឯករាជ្យភាព និងសេរីភាពវិជ្ជាជីវៈមេធាវី។ ហេតុដូច្នេះលោក ប៊ុន ហុន ស្នើឲ្យលោកស្រីមេធាវី ទ្រី ឈួន ដែលជាអតីតមេធាវីការពារសិទ្ធិកញ្ញា ស្រីមុំ រាយការណ៍មកគណៈមេធាវីឲ្យបានឆាប់ ដើម្បីឲ្យគណៈមេធាវី ចាត់វិធានការស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
យោងតាមលិខិតចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដែលមានកម្មវត្ថុ «ការរាយការណ៍ពីការលំបាកពីការការពារក្ដីឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ» លោក ប៊ុន ហុន ប្រធានគណៈមេធាវី បានបញ្ជាក់ថា បន្ទាប់ពីសមាគមអាដហុក បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការមិនបន្តផ្តល់មេធាវីការពារ ក្ដីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ រួចមក គណៈមេធាវីសង្កេតឃើញ បណ្ដាញសារព័ត៌មាននានា បានផ្សាយព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យ ពីការបំពានឯករាជ្យភាព និងសេរីភាពវិជ្ជាជីវៈមេធាវី។ ហេតុដូច្នេះ លោក ប៊ុន ហុន ស្នើឲ្យលោកស្រីមេធាវី ទ្រី ឈួន រាយការណ៍ករណីនេះមកគណៈមេធាវីឲ្យបានឆាប់៕