(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ម្សិលម្សិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់៣លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៣នាក់ (ស្រីម្នាក់) និងរបួសស្រាល៣នាក់ (ប្រុស) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូច១គ្រឿង, រថយន្តធុនធំ១គ្រឿង យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនប្រកាន់ស្តាំ១លើក, ងងុយដេក១លើក (ស្លាប់ម្នាក់), កត្តាយានយន្ត ១លើក (ស្លាប់ម្នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៣នាក់)។
ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញផងដែរ លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលបានរកឃើញ មធ្យោបាយល្មើស ៥,១៤៥ គ្រឿង, អប់រំ២,៣៩១ គ្រឿង, ពិន័យ ២,៧៥៤ គ្រឿង៕