(ព្រះវិហារ)៖ លោកវេជ្ជ អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹក ប្រភេទអាហ្វ្រីដេស ចំនួន១១អណ្តូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជននៅក្នុងឃុំកំពង់ស្រៅ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងនោះមានភូមិកំពង់ពូទទួលបាន២អណ្តូង ភូមិកំពង់ស្រឡៅ ៣អណ្តូង ភូមិសង្កែ ១អណ្តូង ភូមិសួង ២អណ្តូង និងភូមិខាំកឺត ៣អណ្តូង សរុបអ្នកទទួលផលចំនួន២៤៨គ្រួសារ, កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះ លោកនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំឭក នូវសារសំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ប្រជាជនជ្រាបដូចជា៖ សូមកុំប្រើប្រាស់គ្រឿងញៀន -ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគអេដស៍មានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រូពេទ្យ - សូមបងប្អូនទាំងអស់ប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រោះរដូវប្រាំងឆ្នាំនេះ មានភាពក្តៅខ្លាំង និងមានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់មួយចំនួន។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ចំនួន៦០នាក់ ដែលចូលរួមក្នុងពិធីនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ សារុង ឬក្រម៉ា១។ ដោយឡែកគ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារ ទទួលបានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ៕
'