(ប៉េកាំង)៖ និស្សិតរបស់កម្ពុជា ដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង នៃសារធារណៈរដ្ឋប្រជាមានិតចិន និងនិស្សិតមកពីបណ្តាប្រទេសអាស៊ានដទៃទៀត បានរៀបចំពិធីបើកការប្រកួតកីឡា និស្សិតមកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន ដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង ដែលមានឈ្មោះថា «Beijing ASEAN Students Games 2016 (BASG2016)» ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា និងបញ្ចប់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
នៅក្នុងពិធីបើកការប្រកួតនេះដែរ ឃើញមានវត្តមានពីបណ្តាឯកអគ្គរាជទូតអគ្គរាជទូត នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះកម្ពុជា មានការចូលរួមពីលោកស្រី ខែម កែមាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន បានចូលរួមជាអធិបតី ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីកម្ពុជាផងដែរ។
គោលបំណងនៃការប្រកួតកីឡានេះ គឺដើម្បីរឹតចំណងមិត្តភាពរវាង បណ្តាលប្រទេសក្នុងតំបន់អាស៊ាន ពិសេសនិស្សិតដែលកំពុងសិក្សាក្នុងរដ្ឋធានីប៉េកាំង ឲ្យមានការទំនាក់ទំនង និងសាមគ្គីគ្នា។ ការប្រកួតកីឡានេះដែរ គាំទ្រយ៉ាងពេញទំហឹងដោយ សាធារណរដ្ឋប្រជាមាណិតចិន ដែលបានផ្តល់នៅទីតាំងនៃការប្រកួត ដែលនេះបញ្ជាក់ពីចំណងមិត្តភាព រវាងប្រទេសអាស៊ាន និងចិនផងដែរ។
ព្រឹត្តិការណ៍ប្រកួត BASG 2016 នេះ មាន៨ប្រទេសចូលរួមដូចជា កម្ពុជា ថៃ ឡាវ វៀតណាម ភូមា សឹង្ហបូរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយឡែកប៊្រុយណេ និងហ្វីលីពីន មិនបានចូលរួមប្រកួតទេ។
កីឡាករ កីឡាការិនីទាំងអស់សុទ្ធតែ ជានិស្សិតដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង ដោយពួកគេមិនមែន ជាកីឡាករអាជីពនោះទេ ក្នុងព្រឹត្តិការណ៍ប្រកួតនេះ មាន១០ វិញ្ញាសាររួម៖ (១) អត្ថពលកម្ម (២) វាយសី (៣) វាយTennis (៤) វាយប៉េងប៉ុងលើតុ (៥) បោះប៉ូលីង (៦) បាល់ទះ (៧) បាល់បោះ (៨) បាល់ទាត់ (៩) បុកស្នុក និង (១០) លេងអុក។
ក្នុងនោះផងដែរ លោក ណុប រ័ត្ននិមល តំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង បានបញ្ជាក់ឲ្យដឹងថា កីឡានិស្សិតកម្ពុជា ប្រចាំរដ្ឋធានីប៉េកាំងចំនួន ៥៥នាក់ (នារី៨នាក់) មានបានស្ម័គ្រចិត្តចុះឈ្មោះចូលរួម ប្រកួតលើចំនួន៨វិញ្ញាសារ ដើម្បីដណ្តើមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិកម្ពុជាយើង រួមមាន (១) អត្ថពលកម្ម (២) វាយសី (៣) វាយប៉េងប៉ុងលើតុ (៤) បោះប៉ូលីង (៥) បាល់ទះ (៦) បាល់ទាត់ (៧) បុកស្នុក និង (៨) លេងអុក ចំពោះវិញ្ញាសារបាល់បោះ និងTennis និស្សិតកម្ពុពុំបានចុះឈ្មោះចូលរួមប្រកួតទេ។
សូមបញ្ជាក់ផងដែរថា និស្សិតកម្ពុជាដែលកំពុងសិក្សា នៅរដ្ឋធានីប៉េកាំងមានចំនួន១៥០នាក់ ដែលនិស្សិតឡាវមានចំនួនជាង ៣០០នាក់ និស្សិតថៃមានចំនួនជាង ២០០០នាក់ និងនិស្សិតវៀតណាមមានចំនួនជាង ១ ០០០នាក់៕