(ស្ទឹងត្រែង)៖ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹក ប្រភេទអាហ្វ្រីដេស ចំនួន២០អណ្តូង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឃុំអន្លង់ជ្រៃចំនួន៨អណ្តូង មាន១៥ភូមិ ស្មើនឹងប្រជាពលរដ្ឋ មានអ្នកទទួលផល១៩៦គ្រួសារ ,ឃុំសំអាង៨អណ្តូង មាន៣ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផល ១៥៩គ្រួសារ និងឃុំចំការលើ ៤អណ្តូង មាន២ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផល៦៩គ្រួសារ ដែលសរុបទាំង៣ឃុំ មានប្រជាពលរដ្ឋទទួលផល៤២៤គ្រួសារ។
រយៈពេលកន្លងមក កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន១០ម្តងរួចមកហើយ ក្នុងខេត្តស្ទឹងត្រែង នៃក្រុង-ស្រុកចំនួន៤មាន ក្រុងស្ទឹងត្រែង ស្រុកសៀងបូក ស្រុកសៀងប៉ាង និងស្រុកថាឡាបរិវ៉ាត ដែលមាន៩ភូមិ ស្មើនឹងប្រជាពលរដ្ឋទទួលផលចំនួន២៦៦គ្រួសារ។
ក្នុងឱកាសនោះ លោកនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំឭកនូវសារសំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនប្រជាជនដូចជា៖ សូមបងប្អូនទាំងអស់ថែរក្សាទឹកទុក សម្រាប់ផ្គតផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ ពីព្រោះនូវរដូវប្រាំងឆ្នាំនេះ មានភាពក្តៅខ្លាំង និងមានការខ្វះខាត់ទឹកប្រើប្រាស់ ក្នុងតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជារបស់យើង។
អាស្រ័យដោយមានភាពប្រឈមខ្លាំង ពីបញ្ហាខ្វះទឹកនេះ ទើបសម្តេចប្រធានបានខិតខំអំពាវនាវ ចំពោះសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីបានថវិកាជួយផ្តល់ជាស្រះ ទឹកនិងអណ្តូងទឹកជូនប្រជាជនតាមជនបទដាច់ស្រយ៉ាល ដើម្បីបានទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋយើង៕