(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អតីតអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជំនួស លោក កុយ គួង ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសដល់បណ្តាញព័ត៌មាន Fresh News។

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស បានឱ្យដឹងថា លោក កែវ ឈា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ជំនួសលោក ជុំ សុន្ទរី។ ចំណែកភារកិច្ចថ្មីរបស់ លោក កុយ គួង រដ្ឋលេខាធិការ ក្រសួងការបរទេស ត្រូវបានគេបង្ហើបថា ទទួលបន្ទុកការងារតំបន់អាស៊ី កណ្តាល និងខាងត្បូង។

សូមបញ្ជាក់ថា លោក ជុំ សុន្ទរី ធ្លាប់បំពេញតួនាទីជាអ្នកនាំពាក្យក្រសួងការបរទេសម្តងរួចទៅហើយ មុនពេលលោកទៅបំពេញការងារជាអគ្គរាជទូតកម្ពុជា ប្រចាំនៅអាមេរិកកាលពីឆ្នាំ២០១៨។ ក្រោយឆ្នាំ២០១៨នោះ លោក កេត សោផាន់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យជំនួស លោក ជុំ សុន្ទរី ហើយបន្ទាប់មកក៏មានការតែងតាំង លោក កុយ គួង (កាន់តំណែងអ្នកនាំពាក្យក្រសួងការបរទេសលើកទី២) ជំនួស លោក កេត សោផាន់ វិញ៕