(ព្រះសីហនុ)៖ ក្នុនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាសូមកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន សូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាសទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួម សាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍនិងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន ជា «សហគមន៍តែមួយ វាសនាតែមួយ»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អស់រយៈពេល២ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។

បើតាមសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិបត្តិនេះ ពិតជាធ្វើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ហើយដែលថ្នាក់ដឹកនាំទេសចរណ៍ ទាំងផ្នែករដ្ឋ ឯកជន និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍ គំរូធុរកិច្ចសមស្រប (Adaptive Business Model) ក៏ដូចជាផែនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗនៃតម្រូវការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគិតគូរកាន់តែស៊ីជម្រៅដល់សុខភាពសាធារណៈជាសកល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាពិតជាមានសេចក្តីសោមនស្ស ដោយបានសង្កេតឃើញការបើកប្រទេសឡើងវិញ ជាបណ្តើរៗ នៅតាមបណ្តាប្រទេសក្នុងតំបន់ និងសកលលោក និងជាពិសេស ការរួបរួមសាមគ្គីគ្នា និងការសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្រ្ត កម្មវិធីការងារនិងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត ស្របតាមក្របខណ្ឌអាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ»

សម្តេចតេជោ បានបញ្ជាក់ថា ដូចប្រទេសនានាលើសកលលោក កម្ពុជាក៏បានទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺកូវីដ១៩ បច្ចុប្បន្ន យ៉ាងធ្ងន់ធ្ងរផងដែរ ជាពិសេសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទេសចរណ៍ ស្ទើរតែកាត់ផ្តាច់ទាំងស្រុង។ ជាក់ស្តែង អាជីវកម្មទេសចរណ៍ជាច្រើនត្រូវបានផ្អាកដំណើរការ បុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ ជំនាញ និងទេពកោស្សមួយចំនួនត្រូវបានបាត់បង់ ព្រមទាំងផលអវិជ្ជមានផ្ទាល់និងមិនផ្ទាល់ ជាច្រើនផ្សេងទៀត។

ទន្ទឹងនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ទោះជាយ៉ាងនេះក៏ដោយ ជាមួយនឹងភាពបុរសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ជាពិសេសតាមរយៈផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០២១៕